ឃាត់មនុស្សប្រុសស្រី០៩នាក់ និងដកហូតវត្ថុតាងជាច្រេីន ក្នុងករណីបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាយមួយកន្លែង នៅសង្កាត់បឹងទំពន់ទី១
ភ្នំពេញ ៖ ដោយមានការបញ្ជារផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងបើកជល់មាន់តាមប្រព័ន្ធអនឡាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ។
ក្នុងប្រតិបត្តិការ ការចុះបង្ក្រាបនេះ ជាលទ្ធិផលកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការឃាត់ខ្លួនមនុស្សសរុប ០៩នាក់ ក្នុងនោះមានបុរស ០៧នាក់ ជាអ្នកលេង និងមនុស្សស្រី ០២នាក់ ជាអ្នកមើលការខុសត្រូវទីតាំង ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូចំនួន ០៦គ្រឿង , កង់ ០៩គ្រឿង , កុំព្យូទ័រ ០២គ្រឿង , ម៉ាស៊ីនម៉ូនីទ័រ ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្រោយការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង០៩នាក់ និងដកហូតវត្ថុតាងខាងលេីរួចរាល់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកតាមរថយន្តយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ដើម្បីសួរនាំបន្តចាត់ការតាមច្បាប់ ៕ ជីម ភារ៉ា