ឯកឧត្តម លី ធុជ ៖ កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ ២០២៥
ភ្នំពេញ៖អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស សហរដ្ឋ អាមេរិក ដោយបង្ហាញនូវសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមោះ មុត ថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ ២០២៥ តាមការគ្រោងទុក។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងដូចនេះ នាថ្ងៃទី១៩ ខែមករា ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក នៃការិយាល័យដកហូត និងលុបបំបាត់អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department) នៅទីស្នាក់អាជ្ញាធរមីន។
យោងតាមប្រភពអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ក្នុងនាម សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តម លី ធុជ បានទទួលជួបពិភាក្សាការងារជាមួយលោក Ethan Rinks ។ក្នុងជំនួបឯកឧត្តមបានស្វាគមន៍និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជននៃសហរដ្ឋអាមេរិកដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការដោះស្រាយ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយបាន ដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ទាក់ទងនឹងវឌ្ឍនភាពនេះដែរឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជា នឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥ តាមការគ្រោងទុក ហើយក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២ របស់ កម្ពុជា ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់ បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡា ទៀត»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមទេសរដ្ឋមន្រ្តី ក៏ បានស្នើសុំឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បន្តជួយគាំទ្រ ដល់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និង បន្ថែមថវិកាចូលរួមគាំទ្រដល់ការងារបោសសម្អាតគ្រាប់បែកចង្កោមផងដែរ។
នាឱកាសនោះដែរ លោក Ethan Rinks បានជម្រាបឯកឧត្តម លី ធុច ថា ការិយាល័យដកហូត និងលុបបំបាត់អាវុធ បាន ទទួល បន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក។លោកថា ៖ «រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាមេរិកបានជួយដល់ កម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាមប្រមាណជា ១៩០ លានដុល្លារអាមេរិក ព្រមទាំង បន្តជួយដល់កម្ពុជា រហូតកម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ក្នុងជំនួបនោះ នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក នៃការិយាល័យដកហូត និងលុបបំបាត់អាវុធរូបនេះ ក៏បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការងារបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាព។
លោក Ethan Rinks ក៏បានអំណរគុណ ចំពោះរាជរដ្ឋាភិបាល កម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់ភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការយ៉ាងល្អ គាំទ្រដល់សកម្មភាពចូល រួមការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជា។
សូមបញ្ជាក់ដែរថា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្លាប់បាន លើកឡើងឱ្យដឹងដែរថា ដើម្បីឈានទៅសម្រេចបាននូវ ចក្ខុវិស័យរបស់លោកនាយករដ្ឋមន្រ្តី «កម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥» កម្ពុជា នៅសល់រយៈពេល ០៣ឆ្នាំទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងទំហំផ្ទៃដីមានមីននៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។ លោកថា អាជ្ញាធរមីន សហការជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ បានរៀបចំឱ្យមាន ផែនការច្បាស់លាស់ ដោយចាប់ផ្តើមការបោសសម្អាតមីនដែល យើងបានដឹងឲ្យអស់ពី ភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំ មួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ និងឈានទៅដល់ការប្រកាសកម្ពុជាអស់មីនក្នុងឆ្នាំ២០២៥៕
ដោយៈនាង សុគន្ធា