ការធ្លាក់ចុះនៃប្រជាជននៅចិន អាចបង្កផលប៉ះពាល់ទាំងក្នុងស្រុក និងទូទាំងពិភពលោក

ប៉េកំាង៖ខណៈប្រទេសចិនត្រូវបានគេព្យាករនឹងធ្លាក់តំណែង ជា ប្រទេសដែលមានប្រជាជនច្រើនជាងគេរបស់ពិភពលោកទៅឥណ្ឌាក្នុងឆ្នាំ២០២៣ ការិយាល័យស្ថិតិជាតិបានប្រកាសកាល ពី ថ្ងៃអង្គារថា ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកដំបូងរាប់ តាំង ពីដើមទសវត្សរ៍ឆ្នាំ ១៩៦០។

បើតាមស្ថិតិរបស់ការិយាល័យចំនួនប្រជាជនចិនដីគោក ដែល មិនរាប់បញ្ចូលជនបរទេស ឬប្រជាជនរស់នៅក្រុងហុងកុង និង ម៉ាកាវ បានធ្លាក់ចុះចំនួន ៨៥០ ០០០ នាក់ក្នុងឆ្នាំ ២០២២ ធ្វើឱ្យចំនួនប្រជាជនសរុបមានត្រឹម ១ ៤១១ លាននាក់ ដោយក្នុង នោះអត្រាកំណើតនៅឆ្នាំ២០២២ មានត្រឹម ៩,៥៦ លាននាក់ ខណៈអត្រាស្លាប់កើនឡើងរហូតដល់ ១០,៤១ លាននាក់។

ការធ្លាក់ចុះចំនួនប្រជាជនកាលពីលើកមុនបានកើតឡើងនៅឆ្នាំ ១៩៦១ ក្នុងអំឡុងពេលទុរ្ភិក្សដែលសម្លាប់មនុស្សរាប់សិបលាន នាក់នៅទូទាំងប្រទេស។ ប៉ុន្តែបច្ចុប្បន្ន មានកត្តារួមផ្សំគ្នានៅពី ក្រោយ ការធ្លាក់ចុះនេះ ដែលរួមមានផលវិបាកដែលបន្សល់ ទុកពី គោលនយោបាយកូនតែមួយ ការផ្លាស់ប្តូរអាកប្បកិរិយា ចំពោះ អាពាហ៍ពិពាហ៍ និងគ្រួសារក្នុងចំណោមយុវជនចិន វិសមភាព យេនឌ័រ និងបញ្ហាប្រឈមនៃការចំណាយខ្ពស់លើការចិញ្ចឹមកូន។

អ្នកជំនាញបានព្រមានថា ប្រសិនបើការធ្លាក់ចុះនេះចេះតែបន្ត រហូតនោះ វាអាចបង្កជាបញ្ហាដល់ពិភពលោកទាំងមូល ដោយ ហេតុថា ចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សកលក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ឋធំជាងគេបំផុតទី២របស់ពិភពលោក។
សម្រាប់ចិនផ្ទាល់ ក៏រងផលប៉ះពាល់ដូចគ្នា ដោយការធ្លាក់ចុះបន្ថែម បញ្ហាប្រជាសាស្ត្រដែលចិនកំពុងប្រឈមមុខរួចទៅហើយ។ នៅ ពេលចំនួនប្រជាជនចាស់កាន់តែកើនឡើង ប្រជាជនសកម្មដែល ជាកម្លាំងសេដ្ឋកិច្ចក៏ថយចុះ ដែលដាក់សម្ពាធយ៉ាងខ្លាំងទៅ លើ មនុស្សជំនាន់ក្រោយ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិចិននៅថ្ងៃអង្គារ ខណៈ អត្រាកំណើតធ្លាក់ចុះ ចំនួនមនុស្សចាស់ចាប់ពី ៦៥ ឆ្នាំឡើង មានអត្រាខ្ពស់រហូតដល់ ១៤,៩ ភាគរយនៃចំនួនប្រជាជនសរុប (ជិត ២១០ លាននាក់) ។

អ្នកជំនាញខ្លះបានព្រមានថា ចិនអាចកំពុងឆ្ពោះទៅរកផ្លូវស្រដៀង គ្នាទៅនឹងប្រទេសជប៉ុន ដែលកំពុងជួបនឹងវិបត្តិប្រជាជនវ័យ ចំណាស់ ខ្ពស់ ដែលធ្វើឱ្យជះឥទ្ធិពលលើសេដ្ឋកិច្ច និងសម្ពាធ ទីផ្សារការងារជាដើម។

ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ HSBC លោក Frederic Neumann បានមាន ប្រសាសន៍ ថា ៖ «សេដ្ឋកិច្ចចិនកំពុងឈានចូលដំណាក់កាល អន្តរកាលដ៏សំខាន់ ដែលមិនអាចពឹងផ្អែកលើកម្លាំងពលកម្មដ៏ សម្បូរបែប និងការប្រកួតប្រជែងតម្លៃ ដើម្បីជំរុញឧស្សាហូប នីយកម្ម និងកំណើននោះទេ»។ លោកបន្តថា ៖ «ខណៈការផ្គត់ ផ្គង់ កម្មករចាប់ផ្តើមធ្លាក់ចុះ កំណើនផលិតភាពក៏នឹងត្រូវការដើម្បី ទ្រទ្រង់ នូវល្បឿននៃការរីកចម្រើនដ៏ខ្លាំងក្លារបស់សេដ្ឋកិច្ច»។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនកំពុងជួបបញ្ហារួចស្រាប់ទៅហើយ ដោយកំណើនសេដ្ឋកិច្ចមានត្រឹម ៣ ភាគរយប៉ុណ្ណេះក្នុងឆ្នាំ ២០២២ ដោយសារតែវិបត្តិកូវីដ-១៩រ៉ាំរ៉ៃ និងការធ្លាក់ចុះ យ៉ាងគំហុកនៃទីផ្សារអចលនទ្រព្យជាដើម។

ការធ្លាក់ចុះនៃកម្លាំងការងារ ពោលគឺប្រជាជនសកម្ម អាចធ្វើឱ្យ ការងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែមានការលំបាក ស្របពេល ដែលចិនបើកការធ្វើដំណើរចេញទៅក្រៅប្រទេសឡើងវិញ ហើយលុបចោលនូវវិធានការទប់ស្កាត់កូវីដដ៏តឹងរ៉ឹងរបស់ខ្លួន។
ចំណែកឯផលប៉ះពាល់ដល់សង្គមវិញគឺថា ប្រព័ន្ធសន្តិសុខសង្គម របស់ ចិនទំនងជាមានភាពតានតឹង ដោយសារតែនឹងមានអ្នក ធ្វើការ តិចជាងមុនលើផ្នែកផ្តល់មូលនិធិដូចជាប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាពជាដើម ព្រោះតម្រូវការសម្រាប់សេវា កម្ម ទាំងនេះកើនឡើងពេលចំនួនប្រជាជនចាស់ច្រើន។ មិនត្រឹម តែប៉ុណ្ណេះទេ វាក៏នឹងមានមនុស្សតិចជាងមុនមើលថែមនុស្សចាស់ ដោយយុវជនជាច្រើនត្រូវធ្វើការដើម្បីផ្គត់ផ្គង់ឪពុកម្តាយ ឬក្រុម គ្រួសារដែលមានមនុស្សចាស់រួចទៅហើយ។
អ្វីដែលសំខាន់ នោះគឺថា ការធ្លាក់ចុះនៃប្រជាជនចិន មិន ត្រឹម តែជះផលអវិជ្ជមានក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នៅទូទាំង ពិភពលោកផងដែរ ដោយសារតែតួនាទីរបស់ចិន ក្នុងចរន្តសេដ្ឋ កិច្ចសកល។ កន្លងមក ជំងឺកូវីដ បានបង្ហាញជាមេរៀន ស្រាប់ ហើយ ពីរបៀបដែលបញ្ហាក្នុងស្រុកចិនអាចប៉ះពាល់ ដល់ លំហូរនៃពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈវិធានការបិទខ្ទប់ និងគ្រប់គ្រងព្រំដែន ដែលធ្វើឱ្យរំខានដល់ខ្សែច្រវាក់ ផ្គត់ផ្គង់សកល ។
បន្ថែមពីលើនេះអ្នកជំនាញមើលឃើញថា ការធ្លាក់ចុះនៃ ចំនួន ប្រជាជនចិន មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចចិន ដែលជះឥទ្ធិ ពល ដល់សេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរាំងស្ទះដល់ មហិច្ឆតារបស់ចិនដែលចង់វ៉ាដាច់សហរដ្ឋអាមេរិកក្នុងនាមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក។

បច្ចុប្បន្នចិនកំពុងតែខិតជិតបាត់បង់តំណែងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទៅឥណ្ឌា ដែលមានប្រជាជន និងសេដ្ឋកិច្ច កំពុងតែផ្ទុះឡើង។ អ្នកជំនាញថា ខណៈសេដ្ឋកិច្ចឥណ្ឌារីកចម្រើន រហូតដល់វ៉ាដាច់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន មានការព្រួយ បារម្ភដែលថា ប្រទេសនេះមិនបង្កើតឱកាសការងារគ្រប់គ្រាន់ ដើម្បីតាមទាន់ការរីកឡើងនៃប្រជាជនសកម្មរបស់ខ្លួន។

អ្នកជំនាញខាងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ យល់ ឃើញថា ការថយចុះចំនួនប្រជាជនមិនគួរត្រូវបានគេចាត់ ទុកថា ជារឿងដ៏គួរឱ្យភ័យខ្លាចនោះទេ ប៉ុន្តែការឡើងកម្ដៅដ៏លឿនរបស់ ភព ផែនដី និងការបាត់បង់ជីវចម្រុះក្រោមតម្រូវការរបស់ ប្រជាជន ដ៏ច្រើនទៅវិញទេ ដែលជាការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនកំពុងជំរុញលើកទឹកចិន្តប្រជាជនចិន ឱ្យមានកូនចាប់ពីពីរ ទៅបី ក្នុងមួយគ្រួសារ តាមរយៈ គម្រោង ផ្សេងៗ ដូចជាការពង្រឹងការឈប់សម្រាកលំហែមាតុភាព និងការ ផ្តល់ការកាត់ពន្ធ រួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតដល់ក្រុម គ្រួសារ ជាដើម។

កាលពីខែតុលាឆ្នាំមុន មេដឹកនាំចិន លោក ស៊ី ជិនពីង បានសន្យា កែលម្អយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រជាជន និងបន្ធូរបន្ថយសម្ពាធ សេដ្ឋកិច្ចលើគ្រួសារ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹង បង្កើតប្រព័ន្ធគោលនយោបាយមួយ ដើម្បីបង្កើនអត្រាកំណើត និងកាត់បន្ថយការចំណាយលើការមានផ្ទៃពោះនិងការសម្រាលកូន ការចិញ្ចឹមកូន និងការសិក្សា។ យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រជាតិ ដើម្បីឆ្លើយតបទៅនឹងភាពចាស់នៃចំនួនប្រជាជន បង្កើតកម្មវិធី និងសេវាកម្មថែទាំមនុស្សចាស់ និងផ្តល់សេវាកម្មកាន់តែប្រសើរ ឡើងសម្រាប់មនុស្សចាស់ដែលរស់នៅតែម្នាក់ឯង»៕ ដោយ៖ ហួន ឌីណា

ads banner