មេដឹកនាំបារាំង និងអេស្ប៉ាញចុះសន្ធិសញ្ញាមិត្តភាពលើកដំបូង

បាសេឡូណា៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេតត្រូ សាន់ឆេស និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកដំបូងរវាងប្រទេសទាំងពីរនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កិច្ចប្រជុំកំពូលបារាំង-អេស្បាញរយៈពេលមួយថ្ងៃខាងលើនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយលោក ម៉ាក្រុង និងលោក សាន់ឆេស រួមទាំងរដ្ឋមន្ត្រីរដ្ឋាភិបាលទាំងពីរ បានដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ នៃការព្រួយបារម្ភទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរថាមពល, ការតភ្ជាប់គ្នាទៅវិញទៅមក, ការធ្វើចំណាកស្រុក និងការគាំទ្រសម្រាប់អ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក សាន់ឆេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រទេសទាំងពីរ ដែលធ្វើការរួមគ្នាលើគម្រោងដែលមានសក្តានុពលដ៏ធំសម្បើម ដូចជាបំពង់បង្ហូរអ៊ីដ្រូសែនពណ៌បៃតង H2Med ដែលនឹងតភ្ជាប់ប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់ តាមរយៈទីក្រុងបាសេឡូណា និងម៉ាសី ។

លោកបន្តថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែពង្រឹងប្រទេសទាំងពីរប៉ុណ្ណោះទេ វាក៏ពង្រឹងគម្រោងរួមរបស់យើង ដែលជាប្រទេសក្នុងប្លុកអឺរ៉ុបផងដែរ។

ចំណែកលោក ម៉ាក្រុង វិញ បាននិយាយថា យើងកំពុងបង្កើតគោលនយោបាយដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ លោកថា មិត្តភាពរវាងបារាំង-អេស្ប៉ាញ នឹងជួយឱ្យអឺរ៉ុបសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជា ទ្វីបដែលប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរអេកូឡូស៊ី សន្តិភាព និងវិបុលភាព។

គួរបញ្ជាក់ផងដែរថា បារាំងបានបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយអាល្លឺម៉ង់ និងអ៊ីតាលីរួចហើយ ខណៈដែលព័រទុយហ្គាល់ជាប្រទេសតែមួយគត់ដែលអេស្ប៉ាញមានសន្ធិសញ្ញាបែបនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner