ជំនន់ទឹកភ្លៀងរដូវប្រាំងបានបង្កឱ្យរងផលប៉ះពាល់ស្រូវប្រាំងប្រជាកសិករ ចំនួន ២១៦១ហិកតា ក្នុង ស្រុកចំនួន ៥ នៃខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង ស្រុកចំនួន ៥ ដែលមានទំហំដី ២១៦១ហិកតា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំង។
លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា ក្នុងឱកាសចុះពិនិត្យលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងក្រុង និងស្រុក ៥ ដែលរងផលប៉ះពាល់ដំណាំសាកវប្បកម្មឧស្សាហកម្មចំនួន ៥០៣ហិកតា និងបានរងការខូចខាត ៤១៨ហិកតាដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ។
លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា ក្រុង ស្រុកទាំង៥ ដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំងនេះ រួមមាន៖ ស្រុកសាមគ្គីមានជ័យ, ស្រុកស្រុករលាប្អៀ, ស្រុកទឹកផុស, ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងដែលសរុបផ្ទៃដីមាន ២១៦១ហិកតាបានទទួលរងផលប៉ះពាល់ ។
លោក ងិន ហ៊ុន បានឱ្យដឹងទៀតថា ក្នុងនាមមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះពិនិត្យដល់តំបន់ដែលទទួលរងផលប៉ះពាល់ និងបានធ្វើការណែនាំដល់មន្ត្រីកសិកម្ម, ដោយបានសហការជាមួយមន្រ្តីធនធានទឹក អាជ្ញាធមូលដ្ឋាន ត្រូវបន្តតាមដាន និងវាយតម្លៃឱ្យបានត្រឹមត្រូវពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដែលមិន
ធ្លាប់ជួបប្រទះនៅរដូវប្រាំង ជាពិសេសអាជ្ញាធមូលដ្ឋានត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងករណីទឹកឡើងខ្លាំង ដើម្បីបើកផ្លូវទឹក និងត្រៀមជម្លៀសប្រជាពល
រដ្ឋចេញពីតំបន់លិចទឹកទៅកាន់ទីទួលមានសុវត្ថិភាព។
លោក ងិន ហ៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមសហការជាមួយអាជ្ញាធរ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ ជៀសវាងនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ ឬក៏អាយុជីវិតផងដែរ ៕ សុខ គឹមសៀន





