សមាគមន៍វិទ្យុ និងទូរស្សន៍កម្ពុជា បើកកិច្ចប្រជុំស្តីពី ”ការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការស្នើសុំកិច្ចសហការដើម្បីត្រៀមរៀបចំកម្មវិធីអង្គរសង្រ្កាន្តឆ្នាំ២០២៣” តាមប្រព័ន្ធវីដេអូ Zoom
សៀមរាប៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សមាគមន៍វិទ្យុ និងទូរស្សន៍កម្ពុជា បើកកិច្ចប្រជុំស្តីពី ”ការស្នើសុំសហការផ្សព្វផ្សាយកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការស្នើសុំកិច្ចសហការត្រៀមរៀបចំកម្មវិធីអង្គរសង្រ្កាន្តឆ្នាំ២០២៣” តាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៍មាន ។
ឯកឧត្តម សុខ សប្បាយណា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះ ស.ស.យ.ក.បានគ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅលើទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។
ឯកឧត្តម សុខ សប្បាយណា ជំរុញការស្នើសុំដល់គ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយស្បតវីដេអូ បទសម្ភាសន៍ កម្រងវីដេអូឯកសារ និងអក្សរត់តាមអេក្រង់ តាមរយៈស្ថានីយ៍ទូរទស្សន៍កម្ពុជា និងវិទ្យុកម្ពុជាពីព្រឹត្តិការណ៍ចំនួន ១២ដងក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នឹងអញ្ជើញអ្នកសារព័ត៍មានចូលរួមយកព័ត៌មាន ធ្វើបទយកការណ៍ បទសម្ភាសន៍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ មុនព្រឹត្តិការណ៍ អំឡុងពេលព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ ៕ ដោយ ស៊ាន សុផាត





