មន្រ្តីកំពូលណាតូ ៖ រុស្ស៊ីនៅតែជាការគំរាមកំហែងដល់ណាតូ បើទោះបីចាញ់សង្គ្រាមក៏ដោយ
ព្រុចសែល៖ រុស្ស៊ីនឹងនៅតែជាការគំរាមកំហែងដល់អង្គការណាតូ បើទោះបីជាកងកម្លាំងរបស់ពួកគេត្រូវបរាជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាកំពូលមួយរូបនៅក្នុងសម្ព័ន្ធមិត្តលោកខាងលិចនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣។
ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោក Rob Bauer បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធមិត្តថា ទោះជាលទ្ធផលនៃសង្គ្រាមទៅជាយ៉ាងណា ក៏ជនជាតិរុស្ស៊ីនៅតែរក្សាមហិច្ឆតា… ដូច្នេះការគំរាមកំហែងមិនរលាយបាត់ឡើយ។
លោកថា ខណៈពេលដែលកងកម្លាំងរុស្ស៊ី យោធូបករណ៍ និងគ្រាប់រំសេវត្រូវបានបាត់បង់ដោយសារសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែប្រទេសសមាជិកណាតូរំពឹងថា ទីក្រុងមូស្គូនឹងព្យាយាមកសាងឡើងវិញ ហើយថែមទាំងពង្រឹងសមត្ថភាពយោធារបស់ខ្លួនទៀតផង។
លោក Bauer បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃមន្ត្រីយោធាកំពូលមកពីប្រទេសសមាជិកណាតូថា ជំនឿទូទៅគឺថា ជនជាតិរុស្ស៊ីនឹងបង្កើតឡើងវិញនូវអ្វីដែលពួកគេមាន… ពួកគេក៏នឹងរៀនសូត្រពីជម្លោះនេះដោយខ្លួនឯង ហើយព្យាយាមកែលម្អអ្វីដែលពួកគេមាន។
ដូច្នេះវានឹងត្រូវការពេលវេលាសម្រាប់អង្គការណាតូ ដើម្បីវាយតម្លៃថាតើរយៈពេលប៉ុន្មានដែលរុស្ស៊ីត្រូវបង្កើត និងកែលម្អកងកម្លាំងរបស់ខ្លួន៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា



