ហ្វាំងឡង់សន្យាផ្តល់ជំនួយ ៤០០លានអឺរ៉ូដល់អ៊ុយក្រែន ប៉ុន្តែមិនមានរថក្រោះ Leopard 2 ទេ
ហែលស៊ិនគី៖ ប្រទេសហ្វាំងឡង់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសផ្តល់ជំនួយថ្មី ៤០០លានអឺរ៉ូ ឬប្រមាណ ៤៣៤លានដុល្លារជាឧបករណ៍ការពារជាតិសម្រាប់អ៊ុយក្រែន ដោយមិនរាប់បញ្ចូលរថក្រោះធុនធ្ងន់ Leopard 2 ប៉ុន្តែថា ខ្លួនក៏អាចផ្តល់ជូនបានផងដែរ ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្ត។
ទីប្រឹក្សាពិសេសរបស់រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Miika Pynnonen បាននិយាយថា ការសម្រេចចិត្តលើការផ្តល់រថក្រោះ Leopard 2 ដែលហ្វាំងឡង់មានប្រហែល ២០០គ្រឿង នឹងត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា បន្ទាប់ពីពិភាក្សាជាមួយសម្ព័ន្ធមិត្តនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។
លោក Pynnonen បានប្រាប់កាសែតរ៉យទ័រថា ខ្ញុំគ្រាន់តែអាចនិយាយបានថា កញ្ចប់ជំនួយនេះមិនរួមបញ្ចូលរថក្រោះ Leopard … វាគ្រាន់តែមានអាវុធធុនធ្ងន់ និងគ្រាប់រំសេវ។ កាលពីពេលថ្មីៗនេះ ហ្វាំងឡង់ធ្លាប់បានបញ្ជាក់ថា ខ្លួនអាចបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនបាន ប្រសិនបើមានការព្រមព្រៀងគ្នាក្នុងចំណោមសម្ព័ន្ធមិត្ត។
ក្រសួងការពារជាតិហ្វាំងឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ជំនួយថ្មីនេះនឹងកើនឡើងបីដងនៃតម្លៃសរុប នៃជំនួយការពារជាតិរបស់ហ្វាំងឡង់សម្រាប់អ៊ុយក្រែន ដែលនាំឱ្យចំនួនសរុបគិតមកទល់ពេលនេះ កើនដល់ ៥៩០លានអឺរ៉ូ។
ទន្ទឹមគ្នា ក្រសួងការពារជាតិហ្វាំងឡង់ក៏នឹងចុះហត្ថលេខាជាមួយស៊ុយអែតស្តីពីការគាំទ្រអ៊ុយក្រែនផងដែរ ដើម្បីឱ្យប្រាកដថា ជំនួយសំរាប់អ៊ុយក្រែននឹងមិនបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិរវាងប្រទេសទាំងពីរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា



