ជប៉ុនប្រកាសជួយអ៊ុយក្រែនកម្ចាត់គ្រាប់មីន ដែលបន្សល់ទុកដោយរុស្ស៊ី

តូក្យូ៖ ជប៉ុននឹងជួយអ៊ុយក្រែនកម្ចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ តាមរយៈផ្តល់ការបណ្តុះបណ្តាល និងឧបករណ៍រាវរកគ្រាប់មីន។ អាវុធប្រភេទនេះជាច្រើនត្រូវបានបន្សល់ទុកនៅក្នុងតំបន់ ដែលកាន់កាប់ដោយកងកម្លាំងឈ្លានពានរុស្ស៊ី។

អាជ្ញាធរអ៊ុយក្រែននិយាយថា តំបន់ដែលរងផលប៉ះពាល់មានទំហំ ១៦ ម៉ឺនគីឡូម៉ែត្រការ៉េ ឬប្រហែលមួយភាគបួននៃប្រទេសអ៊ុយក្រែន ហើយថា ការដកមីនចេញ គឺមានសារៈសំខាន់សម្រាប់ការកសាងប្រទេសឡើងវិញ។

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬ JICA ដោយប្រើចំណេះដឹងដែលប្រមូលបានតាមរយៈបទពិសោធន៍ ក្នុងការបោសសម្អាតគ្រាប់មីននៅកម្ពុជា និងឡាវ។ សមាជិក៨នាក់នៃសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូង ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ជាមួយគ្នានេះ JICA ក៏មានគម្រោងផ្តល់ឱ្យអ៊ុយក្រែន នូវឧបករណ៍រាវរកមីនចំនួនបួនគ្រឿងផងដែរ។
ឧបករណ៍រាវរកមីន (ALIS) ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Tohoku របស់ប្រទេសជប៉ុន។ មន្ត្រី JICA លោក Murotani Ryutaro និយាយថា ចំនួនគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះកំពុងកើនឡើងយ៉ាងខ្លាំង ខណៈដែលការប្រយុទ្ធនៅតែបន្តនៅទូទាំងប្រទេសអ៊ុយក្រែន។

លោកថា JICA សង្ឃឹមថា នឹងប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងាររាវរកគ្រាប់មីនប្រកបដោយប្រសិទ្ធភាព នៅក្នុងវិធីមួយដែលនឹងមិនបង្កគ្រោះថ្នាក់ដល់សហគមន៍មូលដ្ឋាន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner