បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់នូវែលសេឡង់ នឹងត្រូវជ្រើសរើស នៅថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រី ចាស៊ីនដា អាឌើន លាឈប់

នូវែលសេឡង់៖ បេក្ខជនដើម្បីជំនួសតំណែងជានាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ របស់លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern ) ដែលបានលាឈប់ពីតំណែងគួរឲ្យភ្ញាក់ផ្អើល ត្រូវបានគេរំពឹងថា នឹងជ្រើសរើស នៅថ្ងៃអាទិត្យទី២២ ខែមករានេះ។

សមាជិកសភាគណបក្សការងារគ្រោងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃអាទិត្យនេះ ហើយ ប្រសិនបើបេក្ខជនមិនអាចទទួលបានពីរភាគបីនៃសន្លឹកឆ្នោតដែលមានទេនោះ ការប្រកួតប្រជែងភាពជាអ្នកដឹកនាំនឹងឈានទៅដល់សមាជិកភាព កាន់តែទូលំទូលាយ។

អ្នកឈ្នះនឹងក្លាយជានាយករដ្ឋមន្ត្រីរហូតដល់ការបោះឆ្នោតសកលបន្ទាប់។ អាណត្តិរបស់លោកស្រី ចាស៊ីនដា អាឌើន ជាមេដឹកនាំនឹងត្រូវបញ្ចប់ មិនលើសពីថ្ងៃទី ៧ ខែកុម្ភៈ ហើយការបោះឆ្នោតសកលនៅប្រទេសនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា។

កាលពីដើមសប្តាហ៍ លោកស្រី អាឌើន ដែលបានឡើងធ្វើជានាយករដ្ឋមន្រ្តីនៅឆ្នាំ ២០១៧ ក្នុងវ័យ ៣៧ ឆ្នាំ និងដែលក្លាយជាមេដឹកនាំវ័យក្មេងបំផុតមួយនៅលើពិភពលោក បានប្រកាសចុះចេញពីតំណែងមុនអាណត្តិ។ លោកស្រី អាឌើន ទទួលការសរសើរលើការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលជួយឱ្យនូវែល សេឡង់រួចផុតពីការរាលដាល និងការស្លាប់យ៉ាងធ្ងន់ធ្ងរដូច នៅប្រទេសផ្សេងទៀត ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រី អាឌើន បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារអតិផរណា ក្នុងប្រទេសកើនខ្លាំង៕ ប្រភពពី Reuters, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner