របាយការណ៍៖ ដើមឈើស្រូបយកកាបូនឌីអុកស៊ីតពីរ ប៊ីលាន តោន ពីបរិយាកាសក្នុងមួយឆ្នាំៗ
ឡុងដ៍៖របាយការណ៍ថ្មីមួយរបស់សាកលវិទ្យាល័យOxford ដែលចេញផ្សាយកាលពីថ្ងៃទី ១៩ ខែមករា បានរកឃើញថា ដើមឈើនៅតែដើរតួនាទីយ៉ាងសំខាន់លើការស្រូបយកកាបូនឌីអ៊ុតស៊ីត(CO2)ពីរប៊ីលានតោនពីបរិយាកាសផែនដីក្នុងមួយឆ្នាំៗ បើទោះបីជាមានការវិនិយោគកាន់តែច្រើនឡើងលើបច្ចេកវិទ្យាថ្មីក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ក៏ដោយ។
របាយការណ៍ចុងក្រោយនេះ គឺជាលទ្ធផលស្រាវជ្រាវដំបូង គេ ដែលវាយតម្លៃថាតើពិភពលោកសម្រេចបានការស្រូបយក CO2 ចេញពីបរិយាកាសប៉ុន្មាន ហើយត្រូវការប៉ុន្មានទៀត។
របាយការណ៍បានប៉ាន់ប្រមាណថា ពិភពលោកត្រូវតែសម្រេច បានការស្រូបយក CO2 ចេញពីបរិយាកាសប្រហែល ១ ៣០០ ដងច្រើនជាងលទ្ធភាពនៃការស្រូបយករបស់បច្ចេកវិទ្យាថ្មីបច្ចុប្បន្ន ឬ២ដងច្រើនជាងពីដើមឈើ និងដី ត្រឹមឆ្នាំ ២០៥០ ដើម្បីកំណត់ សីតុណ្ហភាពឱ្យនៅខាងក្រោម ពីរ អង្សាសេបើធៀបនឹង សម័យ បដិវត្តន៍ ឧហ្សាហកម្ម ដូចមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។
អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃសាកលវិទ្យាល័យ Oxford លោក Steve Smith និយាយថា ៖ «ការស្រូបយក CO2 ចេញ កំពុងផ្លាស់ប្តូររបៀបវារៈយ៉ាងឆាប់រហ័ស»។ ប៉ុន្តែលោកថា ទោះ បីជា មានការកើនឡើងនូវការចាប់អារម្មណ៍ និងការវិនិយោគ ក៏ដោយ ក៏មានចន្លោះប្រហោងធំលើព័ត៌មានជុំវិញបញ្ហានេះដែរ។
ការស្រូបយកឧស្ម័ន CO2 ជាប់ពាក់ព័ន្ធនឹងការចាប់យក ឧស្ម័ន ផ្ទះ កញ្ចក់ពីបរិយាកាស ហើយរក្សាទុកមិនថាក្នុងស្រទាប់ផែនដី មហាសមុទ្រ ទម្រង់ភូមិសាស្ត្រ ឬនៅក្នុងផលិតផលក្នុងរយៈ ពេលយូរ។ រហូតមកដល់បច្ចុប្បន្ន ការស្រូបយកចេញនូវ ឧស្ម័ន កាបូនិកស្ទើរតែទាំងអស់ ត្រូវបានសម្រេចតាមរយៈវិធានការ ដូចជាការដាំដើមឈើ និងការគ្រប់គ្រងដីឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ការវិនិយោគ ជាសាកលលើការស្រូបយកចេញ CO2 ថ្មី ត្រូវចំណាយប្រាក់អស់ ប្រហែល ២០០ លានដុល្លារអាមេរិក ខណៈទឹកប្រាក់ចំនួនបួន ប៊ីលាន ដុល្លារត្រូវបានបញ្ចូលទៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលផ្តល់មូលនិធិជាសាធារណៈចាប់តាំងពីឆ្នាំ ២០១០។
ទោះបីជាប្រទេសនានាមិនមានគម្រោងប្រើប្រាស់ការស្រូបយក CO2 ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរយៈពេលខ្លី ត្រឹមឆ្នាំ ២០៣០ ក៏ដោយក៏ប្រទេសជាច្រើនចាត់ទុកវិធានការ នេះថា វាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ពួកគេដើម្បីសម្រេច បានអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០៕ ដោយ៖ ហួន ឌីណា