ក្រសួងលើកទឹកចិត្តឱ្យសិស្ស-និស្សិតរៀនជំនាញសាធារណការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បាន លើកទឹកចិត្តដល់សិស្ស-និស្សិតដែលទើបបញ្ចប់ សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)ជ្រើសរើសមុខជំនាញ សាធារណ ការ សម្រាប់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ដែលជាជំនាញ កំពុង មានការពេញនិយម និងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។

នៅក្នុងកម្មវិធី MPWT Live Show របស់ក្រសួងសាធារណការ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវ គោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា វិស័យ ដឹកជញ្ជូនផ្លូវគោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពោលគឺបានរួមចំណែកប្រមាណ៩០ភាគរយ នៃការដឹកជញ្ជូនសរុបនៅកម្ពុជា។

លោកបានបន្ថែមថា ទោះយ៉ាងណាវិស័យនេះនៅតែជួបនូវបញ្ហា ប្រឈមមួយចំនួនដូចជាកង្វះធនធាន លិខិតបទដ្ឋានគតិយុត្តិ និង ឯកសារជំនាញបច្ចេកទេសផ្សេងៗ ដែលទាំងនេះទាមទារ ឱ្យកម្ពុជា ត្រូវអភិវឌ្ឍធនធានឱ្យបានច្រើន និងមានគុណភាព ដើម្បីអភិវឌ្ឍន៍ វិស័យនេះឲ្យកាន់តែរីកចម្រើន។
លោកបានបញ្ជាក់ថា ៖ «ឱកាសការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាមានភាពទូលំទូលាយណាស់ទាំងនៅក្រសួងស្ថាប័នរដ្ឋ និងឯកជន ហើយតម្រូវការធនធានមានសមត្ថភាព លើវិស័យនេះនឹងមានការកើនឡើងខ្ពស់នាពេលអនាគត»។

ចំណែក ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយក ដ្ឋាន សាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបាន ចាត់ ទុកថា វិស័យផ្លូវថ្នល់ជាសសរស្តម្ភនៃការជួយជំរុញកំណើន សេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់ ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ៖ «ដោយសារកម្ពុជាជាប្រទេសកំពុង អភិវឌ្ឍន៍ ដូច្នេះការសិក្សាលើជំនាញសាធារណការ គឺជា ឱកាសរបស់យុវជនក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសាធារណការនៅកម្ពុជា និងឱកាសទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន»។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការនិងដឹក ជញ្ជូន បានគាំទ្រ និងបានលើកទឹកចិត្តឱ្យសិស្សនិស្សិត ដែល ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់យកជំនាញសាធារណការសម្រាប់ការសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ ព្រោះ មុខជំនាញនេះមានឱកាសទទួលបានការងារខ្ពស់ទាំងនៅក្រុមហ៊ុនឯកជន និងក្រសួងស្ថាប័នរដ្ឋ។

លោកបានលើកឡើងថា គោលបំណងចម្បងមួយទៀត គឺក្រសួង សាធារណការ និងដឹកជញ្ជូនចង់ឱ្យកម្ពុជាមានធនធានវិស្វករ លើ ជំនាញសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែសម្បូរបែប ដើម្បី ចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រោះកន្លង មករាល់គម្រោងអភិវឌ្ឍន៍សាធារណការ ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ធំៗនៅកម្ពុជាភាគច្រើន គឺប្រើប្រាស់វិស្វករបរមកពី បរទេស។

លោក ហឿន សំនៀង បានបញ្ជាក់ទៀតថា ៖ «ការលើកទឹកចិត្ត ឱ្យសិក្សាជំនាញនេះ គឺដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការធនធាន មនុស្សក្នុងវិស័យសាធាណការនាពេលបច្ចុប្បន្ន និងទៅអនាគត។ ការកាត់បន្ថយការប្រើប្រាស់វិស្វករជំនាញជនបរទេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ស្ថិតក្នុងគោលដៅនៃការបង្កើត វិទ្យា ស្ថាននេះផងដែរ»។
បើតាមការបញ្ជាក់របស់លោក ហឿន សំនៀង កត្តាដែលជំរុញ ឱ្យរាជ រដ្ឋាភិបាលបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ចូនដល់យុវជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះ នៅកម្ពុជា។ម្យ៉ាងវិញទៀត ការលើកទឹកចិត្តបែបនេះ ក៏ដោយសារ មុខជំនាញនេះមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ថែមទាំងមានឱកាសការងារខ្ពស់នៅតាមក្រុមហ៊ុនឯកជន ក៏ដូចជាក្លាយជាមន្ត្រីក្របខណ្ឌនៅតាមក្រសួងស្ថាប័នរដ្ឋផងដែរ។

សូមជម្រាបថា នៅក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (វ.ត.ស.ស.ដ. ) មាន បង្រៀនជំនាញចំនួន ប្រាំមួយ ដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា ហើយ បច្ចុប្បន្នវិទ្យាស្ថាន កំពុងផ្ដល់ជូនអាហារូបករណ៍១០០ភាគរយ ចំនួន៥០កន្លែង ជូនសិស្សានុសិស្សដែលទើបនឹងបញ្ចប់មធ្យម សិក្សាទុតិយ ភូមិនាពេលថ្មីៗនេះផងដែរ៕
ដោយ៖វណ្ណ សុជាតា

ads banner