បុរសម្នាក់ប្រមូលសំរាមប្លាស្ទីកយកទៅផលិតជាឥដ្ឋបរិស្ថាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សំរាមប្លាស្ទីកត្រូវបានគេដឹងថា ជាសំរាមម្យ៉ាងដែល បង្កផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថាន។ ដោយសារ តែតម្រូវការ ក្នុងការប្រើប្រាស់ប្លាស្ទីកនៅតែមាន។ ដូច្នេះកាកសំណល់ ប្រភេទ នេះនៅមានចោលពាសវាល ពាសកាល។

ដោយហេតុថា ប្លាស្ទីកផ្ដល់ហានិភ័យដ៏ធ្ងន់ធ្ងរសកម្មភាពជាច្រើន បានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈ ពេលចុងក្រោយនេះរួមមាន ការបង្កើតយុទ្ធនាការរើសសំរាម ការយកប្លាស្ទីកទៅកែច្នៃ ការ ផ្សព្វផ្សាយពីផលប៉ះពាល់នៃប្លាស្ទីក និងការបង្កើតផលិតផល ផ្សេងដើម្បីប្រើប្រាស់ជំនួសប្លាស្ទីកជាដើម។

បុរសម្នាក់ រស់នៅខេត្តកណ្ដាលបានបង្កើតជាសិប្បកម្ម មួយ ដែលលោកឱ្យឈ្មោះថា ឥដ្ឋអេកូ (Eco-brick) ដែលមុននឹង បង្កើតនូវអាជីវកម្មនេះ លោកបានទៅសិក្សាទ្រឹស្តីពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពិន ចិន ឥណ្ឌា។ ក្រៅពីនោះលោកស្វ័យសិក្សា ដោយការស្រាវជ្រាវតាមយូធូប និងតាមអ៊ីនធឺណិត។

លោក សុខ ធី ជាអ្នកកែច្នៃកាកសំណល់ប្លាស្ទិកផលិតជា ឥដ្ឋអេកូ នៅក្នុងខេត្តកណ្ដាល ដែលសិប្បកម្មរបស់លោកត្រូវបាន បង្កើត ឡើង កាលពីឆ្នាំ ២០២០កន្លងទៅ។

បើតាម លោក សុខ ធី មូលហេតុដែលជំរុញឱ្យលោកចង់ ធ្វើ អាជីវកម្មនេះដោយសារតែ លោកបានមើលឃើញ ពីផលប៉ះ ពាល់ នៃប្លាស្ទីក ម្យ៉ាងទៀតដោយសារការមើលឃើញពីការប្រឈម គ្រោះថ្នាក់របស់កម្មករ ផលិតឥដ្ឋ ដោយកន្លងមកមានគ្រោះថ្នាក់ ជាមួយ នឹងម៉ាស៊ីនផលិតឥដ្ឋ។ មូលហេតុមួយទៀត គឺលោកចង់ សម្រួលទៅលើការកាប់អុសដុតនៅក្នុងឡផលិតឥដ្ឋកន្លងមកផង។
លោកបាននិយាយថា៖«ប្លាស្ទីក មាននៅគ្រប់ទីកន្លែង ហើយការ យកវាទៅច្នៃក៏នៅ មានកម្រិតនៅឡើយ ដូច្នេះបើសិនខ្ញុំអាច បង្កើត សិប្បកម្មមួយ ខ្ញុំគិតថាអាចជួយបរិស្ថានបានច្រើន»។

សម្រាប់វត្ថុធាតុ ដើមក្នុងការផលិត ពោលគឺប្លាស្ទីក លោកបាន យកវាចេញពីសាលារៀន អង្គការ ក្រុមហ៊ុនឯកជនផ្សេងៗ និង ជាពិសេសគឺការបង្កើតកម្មវិធីយកប្លាស្ទីកទៅដោះដូរជាឥដ្ឋ បរិស្ថានដែលសិប្បកម្មលោកបានបង្កើតជាដើម។

លោកបានបន្តថា ៖ «កន្លងមកមានបងប្អូនយកកាកសំណល់ ប្លាស្ទីកដែលស្ងួតល្អ មកដោះដូរ ដោយយើងគិតឱ្យពួក គាត់ ជាឥដ្ឋមួយដុំ ដូរនឹងប្លាស្ទីកពីរគីឡូក្រាម»។

ដោយឡែកសម្រាប់ប្លាស្ទីកដែលជាវត្ថុធាតុដើមក្នុងការផលិតឥដ្ឋ ត្រូវបានលោក សុខ ធី អះអាងថា មានមិនខ្វះទេ ស្ទើរតែពេល ខ្លះផលិតមិនទាន់ ប្លាស្ទីកគរជាគំនរក៏មាន។

អ្នកកែច្នៃប្លាស្ទីករូបនេះបានឱ្យដឹងពីដំណើរការនៃការផលិតឥដ្ឋពីផ្លាស្ទីកដែរថា៖ «ដំបូងត្រូវកិនប្លាស្ទីកដែលគេយកមកឱ្យ ដោយ យើងមានលាយវត្ថុធាតុដើមសំខាន់ៗ ហើយយើងដាក់ចូល ទៅក្នុងពុម្ពដើម្បីសង្កត់»។

លោកបន្តថា ៖ «ដំណើរការផលិតឥដ្ឋមិនចំណាយពេលយូរទេ ឱ្យតែយើងមានវត្ថុធាតុដើម យើងដាក់លាយចូល យើងសង្កត់ តែមួយភ្លែត ត្រឹមតែមួយនាទី ចេញបានប្រាំមួយដុំហើយ បន្ទាប់ មកយើងត្រូវរក្សាទុកនៅក្នុងរោងមួយយប់សិន ទើបយើងយក ចេញ ហើយក្រោយមកអាចយកចេញទៅដាក់ហាលថ្ងៃមួយព្រឹក ឬមួយថ្ងៃ គឺយើងអាចយកទៅប្រើប្រាស់បានហើយ»។

សម្រាប់ផលិតកម្មនៃសិប្បកម្មរបស់លោក គឺមួយថ្ងៃអាចមាន លទ្ធភាព ផលិតបានពី ១.០០០ ទៅ ១.២០០ដុំ ហើយដែល ឥដ្ឋទាំងនោះនឹងត្រូវលក់ទៅកាន់ទីផ្សារខុសៗគ្នា តាមបណ្ដា ខេត្តនានា។ លោកក៏បានបញ្ជាក់ដែរថា អតិថិជនភាគច្រើនទិញ ផលិតផលរបស់លោកទៅសាងសង់ផ្ទះ ធ្វើរបង តុបតែងហាង ឬភោជនីយដ្ឋានជាដើម។
សម្រាប់តម្លៃលោកបានចែកជាពីរ។ ទី១គឺប្រភេទឥដ្ឋលាតធម្មតា (ឥដ្ឋដែលមានផ្ទៃរលោងស្មើ) ១ម៉ែត្រការ៉េមាន៤០ដុំ លក់ក្នុងតម្លៃ ៩ដុល្លារកន្លះ។ ទី២ គឺឥដ្ឋប្រភេទម៉ូតក្បាច់ ដែលមានតម្លៃ ១ការ៉េ ១០ដុល្លារកន្លះ។

កន្លងមកលោកក៏បានជួបប្រទះបញ្ហាមួយចំនួនផងដែរ គឺបញ្ហា ទីតាំងសិប្បកម្ម ដែលប្រឈមនឹងការលេចទឹក កង្វះបច្ចេកទេស ក្នុងការផលិត និងកង្វះដើមទុន។

ដោយមានគំនិត ចង់ប្រកបអាជីវកម្មនេះ ប៉ុន្តែខ្វះទុន លោក បានរកទុនតាមរយៈការខ្ចីពីបងប្អូន អ្នកស្គាល់គ្នា និងព្យាយាម រកតាមរយៈការចូលរួមប្រកួតក្នុងកម្មវិធីនានា។

លោក សុខ ធី បានបញ្ជាក់ផងដែរថា កន្លងមកលោកបានចូល ប្រឡងជាមួយក្រុមហ៊ុនជាច្រើនផ្សេង ទៀត ដើម្បីស្គាល់ឱ្យកាន់ តែច្បាស់ពីសមត្ថភាពខ្លួនឯង ក៏ដូចជារកទុនសម្រាប់បើសិប្បកម្ម។ ជាលទ្ធផល លោកទទួលបានជ័យលាភីលេខ១ជាច្រើនប្រកួត ព្រមទាំងមានការទទួលស្គាល់ពីសំណាក់អតិថិជន ក៏ដូចជាក្រុម សហគ្រិនផង។

សម្រាប់គម្រោងទៅថ្ងៃមុខ លោក សុខ ធី បានបង្ហើបឱ្យដឹងថា លោកចង់ពង្រីកសាខាឱ្យបានគ្រប់ខេត្តរាជធានី ខណៈដែល បច្ចុប្បន្នលោកបានសាខានៅបណ្ដាខេត្តមួយចំនួនដូចជា ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ ក្រុងប៉ៃលិន សៀមរាប ត្បូងឃ្មុំ និងខេត្តក្រចេះ។

អ្នកកែច្នៃប្លាស្ទីករូបនេះ បានអំពាវនាវឱ្យបងប្អូនប្រជាជនកម្ពុជា ចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទីកទាំងអស់គ្នា ឱ្យបាន ច្រើនបំផុត តាមដែលអាច ធ្វើទៅបាន៕
ដោយ៖កែវ បុស្បា

ads banner