មន្ត្រីជាន់ខ្ពស់ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំ ក្រុមប្រឹក្សាឃុំ មេភូមិ មេបុស្ដិ៍ បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដែលគាត់ត្រូវការ
បន្ទាយមានជ័យ៖ ឯកឧត្តម គោ សុំសារឿត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំ ក្រុមប្រឹក្សាឃុំ មេភូមិ មេបុស្ដិ៍ បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដែលគាត់ត្រូវការ ។
ឯកឧត្តម បានណែនាំបែបនេះខណៈ អញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ៣០០នាក់ នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។
លោក រ័ត្នដា ស៊ីណង់ ប្រធានគណបក្សស្រុកមង្គលបុរី បសនរាយការណ៍ពីស្ថានភាព ជីវភាពបក្សរបស់ក្រុមបក្សភូមិ និងយុវជនបក្ស ការកៀរគរសកម្មជនបក្សផ្សេងៗមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តម គោ សុំសារឿត ក៏បានជំរុញឱ្យមន្ត្រីមូលដ្ឋានពិសេសក្រុមការងារបក្សភូមិនិងយុវជនបក្ស ខិតខំយកចិត្តទុកដាក់ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យគាត់ជឿទុកចិត្តគោលនយោបាយបក្ស និងឈានទៅដណ្តើមជោគជ័យ ជូនគណបក្រប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខបន្តបន្ទាប់ទៀត ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រីបន្តវេននាពេលខាមុខ ៕ ដោយ ៖ ឃិន គន្ធា