អភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យការសង់លំនៅដ្ឋានបណ្ដោះអាសន្ន បំពាក់អគ្គិសនី និងបន្ទប់ទឹកជូនពលរដ្ឋដែលរងគ្រោះដោយសារបាក់រលំផ្ទះនៅតាមដងព្រែកថី្ម

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ បានពិនិត្យការសង់លំនៅដ្ឋានបណ្ដោះអាសន្ន រួមជាមួយការងារបំពាក់អគ្គិសនី តបណ្ដាញទឹកស្អាត និងបន្ទប់ទឹកជូនប្រជាពលរដ្ឋចំនួន៦៥ខ្នងផ្ទះ ដែលរងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដើម្បីពន្លឿនការសម្របសម្រួលជូនប្រជាពលរដ្ឋរងគ្រោះឱ្យឆាប់បានទីជម្រកបណ្ដោះអាសន្ននោះ ឯកឧត្តមអភិបាលខេត្ត គង់ សោភ័ណ្ឌ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកណ្ដាល និងក្រុងតាខ្មៅ បានចុះជួបប្រជាពលរដ្ឋផ្ទាល់នៅភូមិព្រែកថី៤៣ និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលពួកគាត់ជាគ្រួសាររងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។

ឯកឧត្តមអភិបាលខេត្ត គង់ សោភ័ណ្ឌ បានជំរុញនិងលើទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ក្រុមជាង និងកម្មករ ក្នុងការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន បន្ទប់ទឹក បំពាក់បណ្ដាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានឆាប់រួចរាល់។

ឯកឧត្តមអភិបាលខេត្ត សន្យាបន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្តទៅទៀត និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយដល់ការហូបចុក និងការស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ ។

គួរជម្រាបថា ការរងគ្រោះរបស់ប្រជាពលរដ្ឋទាំង ៦៥គ្រួសារខាងលើ និងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដទៃផងនោះ គឺដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើងយ៉ាងលឿនចន្លោះថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាមដងស្ទឹង និងព្រែកមួយចំនួនដែលជាបណ្ដាញរបស់ស្ទឹងព្រែកត្នោត ដោយផ្ទះខ្លះត្រូវធ្លាក់ទៅតាមទឹកព្រែក បាក់ច្រាំង នាំឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ទីជម្រក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner