អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅអ៊ុយក្រែន ហើយសន្យាជួយជ្រោមជ្រែង

កៀវ៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានទៅទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្នុងដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយសន្យាថា ចក្រភពអង់គ្លេសនឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ដរាបណាខ្លួននៅតែត្រូវការ។

ចក្រភពអង់គ្លេសបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ Challenger 2 ចំនួន ១៤គ្រឿង និងអាវុធធុនធ្ងន់ផ្សេងទៀត។ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោក ចនសុន បានទៅទស្សនាទីក្រុង Borodyanka និង Bucha ជាយក្រុងនៃរដ្ឋធានីអ៊ុយក្រែន ជាទីដែលលោកខាងលិចចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម មុនពេលត្រូវបានបណ្តេញចេញពីក្រុងទាំងនេះ។

លោក ចនសុន បានប្រាប់អភិបាលក្រុង Bucha ថា ខ្ញុំអាចប្រាប់អ្នកថា ចក្រភពអង់គ្លេសនឹងស្ថិតនៅជាប់ជាមួយអ៊ុយក្រែន ដរាបណាខ្លួននៅតែត្រូវការ ហើយថា អ្នក (អ៊ុយក្រែន) នឹងឈ្នះ ហើយអ្នកនឹងបណ្តេញជនជាតិរុស្ស៊ីទាំងអស់ចេញពីប្រទេសរបស់អ្នក ប៉ុន្តែយើងនឹងនៅទីនោះរយៈពេលវែង… ហើយយើងក៏នឹងចង់ជួយអ្នក ក្នុងការកសាងប្រទេសឡើងវិញផងដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner