ប្រមុខការទូតអ៊ីរ៉ង់ ព្រមានសងសឹកវិញ ប្រសិនបើសហភាពអឺរ៉ុបដាក់បញ្ចូលឈ្មោះឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចូលក្នុងបញ្ជីភេរវករ

តេហេរ៉ង់៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា អ៊ីរ៉ង់នឹងចាត់វិធានការសងសឹក រួមទាំងការដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ប្រសិនបើសហភាពអឺរ៉ុបមិនផ្លាស់ប្តូរជំហរប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសិន អាមៀ អាប់ឌុលឡាហ៊ាន បានធ្វើការកត់សម្គាល់បែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរ ថាតើការដកខ្លួនរបស់អ៊ីរ៉ង់ចេញពីសន្ធិសញ្ញា NPT និងការបណ្តេញចេញក្រុមអធិការកិច្ចនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងស្ថិតក្នុងចំណោមវិធានការសងសឹករបស់ទីក្រុងតេហេរ៉ង់ដែរឬទេ ប្រសិនបើសហភាពអឺរ៉ុប (EU) បានដាក់បញ្ចូលឈ្មោះឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចូលក្នុងបញ្ជី “អង្គការភេរវករ”។

ថ្មីៗនេះ សភាអឺរ៉ុបបានអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់បញ្ជូលកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ទៅក្នុងបញ្ជីនៃក្រុមភេរវករ ក្រោមហេតុផលថា កងកម្លាំងដ៏មានឥទ្ធិពលនេះ បានប្រព្រឹត្តអំពើគាបសង្កត់លើក្រុមបាតុករ ហើយជាអ្នកនៅពីក្រោយការផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ទោះបីជាយ៉ាងណា សភាអឺរ៉ុបមិនមានអំណាចចាប់បង្ខំឱ្យសហភាពអឺរ៉ុបត្រូវតែធ្វើតាមសេចក្តីសម្រេចរបស់ខ្លួននោះឡើយ ក៏ប៉ុន្តែវាជាការបង្ហាញចេញនូវសារនយោបាយមួយយ៉ាងច្បាស់ចំពោះអ៊ីរ៉ង់ផងដែរ៕ ប្រភព៖ ស៊ីនហួរ និង AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner