សមិទ្ធផលធ្វើអំពីសូត្រខ្មែរ១១មុខនឹងដាក់បង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅខែកុម្ភៈខាងមុខ

សៀមរាប៖ សមិទ្ធិផលធ្វើអំពីសូត្រខ្មែរ១១មុខនឹងដាក់បង្ហាញនៅសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី។ នេះបើតាមការប្រកាសរបស់ អាជ្ញាធរជាតិអប្សរា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃទី២៣ខែមករាឆ្នាំ២០២៣នេះ។

អាជ្ញាធរជាតិអប្សរាបង្ហាញថា សមុច្ច័យចំនួន១១មុខ (សមិទ្ធិផល១១មុខ) នោះរួមមាន កន្សែងសូត្រចំនួនបួន និងសំពត់ហូលចំនួនប្រាំនិង ហូលពិតាន ចំនួនពីរ។របស់ទាំងនេះជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌ ប្រពៃណី ខ្មែរ។ វត្ថុទាំងអស់នឹងដាក់តាំងពិព័រណ៍ផលិតផលសូត្រ ខ្មែរ ចំនួន ១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖« ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែល ចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរ ឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក»។

នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជា យូរយារ ណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយ សារ របបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតាន ជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។

លោកបន្តថា ៖«ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវា មានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅ នឹងជំនឿ សាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅ ប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់ បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវ អនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា»។
លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការ ចំណាយ ពេលវេលាយូរ ត្រូវការកម្លាំង មនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសសៃសូត្រធម្មជាតិ ហើយជ្រលក់ ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើ សារធាតុគីមីឡើយ។

ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាម បណ្តោយផ្លូវសម្តេច វិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកដំណើរការ តាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គារ ដោយមានប្រទេសចំនួន៦ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណី នៃការ ផលិតវាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើន សតវត្សមកហើយ៕
ដោយ៖យុទ្ធ វីរៈ

ads banner