កម្ពុជា នាំចេញទំនិញទៅអូស្រ្តាលីសម្រេចបានទឹកប្រាក់៣៧៩លានដុល្លារ កើនឡើង៨៥ភាគរយ

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលមួយចំនួនទៅកាន់ប្រទេសអូស្ត្រាលី មានតម្លៃទឹកប្រាក់សរុបជាង ៣៧៩ លានដុល្លារ អាមេរិកនៅក្នុងឆ្នាំ ២០២២ កើនឡើង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០២១ដោយផលិតផលទាំងនោះ រួមមាន៖ ផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងកង់ជាដើម ខណៈ អូស្រ្តាលីវិញបាននាំចូលមកកម្ពុជា ភាគច្រើនជាទំនិញប្រើប្រាស់ គ្រឿង សំណង់ គ្រឿងយន្តកសិកម្ម និងចំណីអាហារជាដើម។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីសម្រាប់ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុប ៥២៤លានដុល្លារ កើនឡើង៦១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។នៅក្នុងនោះការនាំ ចេញពីកម្ពុជា ទៅអូស្ត្រាលី មានតម្លៃទឹកប្រាក់សរុបជាង ៣៧៩ លានដុល្លារ កើនឡើង៨៥ ភាគរយ ខណៈដែលការនាំចូលពីអូស្ត្រាលីមកវិញ មានតម្លៃ ទឹកប្រាក់ សរុប ១៤៥ លានដុល្លារ កើនឡើង២០ភាគរយ បើធៀបនឹង ឆ្នាំ២០២១។
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹង ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការ នាំចេញទៅអូស្ត្រាលី មានការកើនឡើងគួរឱ្យកត់សម្គាល់នេះអាចថា ដោយ សារទំនាក់ទំនងកាទូត និងសេដ្ឋកិច្ច រវាងកម្ពុជានិងអូស្ត្រាលី កាន់តែស្អិត រមួត ស្របពេលការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសទាំងពីរ មានការ ថមថយដូចគ្នា។

លោកបានបន្ថែមថា ប្រទេសអូស្ត្រាលី ថ្វីត្បិតតែជាប្រទេសអភិវឌ្ឍន៍ ប៉ុន្តែបានផ្តោតសំខាន់ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយ កន្លងមកកម្ពុជាបាននាំចូលផលិតផលកសិកម្មមួយចំនួនពីអូស្ត្រាលី ដូច បន្លែ ផ្លែឈើ និងសាច់សត្វ ជាដើម។

លោកបានបញ្ជាក់ថា៖‌« វាជារឿងដែលប្រសើរ ដែលកម្ពុជាការនាំចេញ ទៅក្រៅ ប្រទេសមានការកើនឡើង និងមានទំហំទឹកប្រាក់ ច្រើនជាងការនាំ ចូល ដែលនេះបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា មានលក្ខណៈ វិជ្ជមានគួរឱ្យកត់សម្គាល់។ ក្នុងជំនួបជាមួយទូតអូស្រ្តាលីកន្លងមក យើង កត់សម្គាល់ឃើញថា ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីនេះ មានភាពសកម្មក្នុង ការជួយជ្រោមជ្រែងកម្ពុជា លើការធ្វើពាណិជ្ជកម្ម វិនិយោគ និងមាន សកម្មភាព ច្រើនជាមួយសភាពាណិជ្ជកម្ម។ បើស្ថានភាពនៅតែល្អ ប្រសើរ បែបនេះ រំពឹងថា ពាណិជ្ជកម្មវាងកម្ពុជា និងបន្តមានភាពវិជ្ជមាន បន្តទៀត នៅឆ្នាំ២០២២នេះ»។

លោកបានបន្តថា កំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំ ចេញរបស់កម្ពុជាទៅអូស្ត្រាលី គឺមកពីកត្តាសំខាន់ៗមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត, ការបើកប្រទេស និងសេដ្ឋកិច្ចបាន ឆាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសប្រទេសទាំងពីរ ជាសមាជិកនៃ RCEP ដែលមានការផ្តល់ភាពអនុគ្រោះផ្នែកពន្ធឱ្យគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ដូច្នេះថា៖«អូស្ត្រាលី ជាប្រទេសរីកចម្រើននិង ប្រជាជន មានចំណូលខ្ពស់ ដូច្នេះបើកម្ពុជាអាចផលិតទំនិញបានកាន់តែច្រើន និងមានគុណភាពកម្រិតស្តង់ដារនោះ វានឹងធ្វើឱ្យការនាំចេញទៅអូស្ត្រាលី មានកាន់តែច្រើន ពិសេសផលិតផលដែលមានចែងក្នុងកិច្ចព្រមព្រៀង RCEP»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាន ឱ្យដឹងដែរថា កំណើននៃទំហំពាណិជ្ជកម្ម ជាមួយអូស្រ្តាលី ជាសញ្ញាណ វិជ្ជមានមួយនៃកម្រិតទំនាក់នៃរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្រ្តាលី ដែលជំរុញឱ្យការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ មានភាពរលូនល្អ។
លោកវណ្ណៈ បានបន្តថា ការនាំចេញផលិតផលជាច្រើនរបស់កម្ពុជា គឺឆ្លើយ តបទៅនឹងតម្រូវការរបស់អូស្រ្តាលី ដែលមានន័យ ជាទំនិញដែលគុណភាព មានស្តង់ដារការដឹកជញ្ជូនគ្មានភាពរាំងស្ទះដែលជំរុញឱ្យពាណិជ្ជករអូស្រ្តាលី បន្តការបញ្ជារទិញជាបន្តបន្ទាប់។

លោកបានអះអាងថា៖« ដូចយើងដឹងហើយថា អូស្រ្តាលីក៏ជាសមាជិករបស់ RCEP ផងដែរ ដោយនេះក៏ជាកត្តាមួយ ដែលជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និង នៅក្នុងក្របខណ្ឌ RCEP នឹងអាចអនុញ្ញាតឱ្យអូស្រ្តាលីសម្លឹង ឃើញ ផលិតផល របស់កម្ពុជា កាន់តែច្រើន ខណៈដែលកម្ពុជា ក៏អាចត្រៀមខ្លួនក្នុង ផលិតទំនិញ សម្រាប់បំពេញតម្រូវទីផ្សារអូស្រ្តាលីវិញ»៕
ដោយ៖វណ្ណ សុជាតា

ads banner