ប៉ូឡូញនឹងបញ្ជូនរថក្រោះ Leopard 2 ទៅឱ្យអ៊ុយក្រែន ទោះបីជាមាន ឬគ្មានការអនុញ្ញាតពីអាល្លឺម៉ង់

វ៉ាសូវី៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី នៅថ្ងៃចន្ទនេះបានថ្លែងថា ប្រទេសរបស់លោកនឹងស្នើសុំការអនុញ្ញាតពីអាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះខ្លារខិន លីអូផាត ធូ (Leopard 2) ទៅឱ្យអ៊ុយក្រែន ប៉ុន្តែបើទោះបីជាមាន ឬគ្មានការអនុញ្ញាតក៏ដោយ ក៏ប៉ូឡូញនឹងផ្តល់ជំនួយយោធានេះទៅឱ្យទីក្រុងកៀវ ជាផ្នែកមួយនៃក្របខណ្ឌសម្ព័ន្ធមិត្តដែរ។

លោក ម៉ូរ៉ាវៀស្គី បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងនឹងស្នើសុំការអនុញ្ញាតបែបនេះ ប៉ុន្តែវិធានការនេះគឺជាបញ្ហាសំខាន់បន្ទាប់បន្សំប៉ុណ្ណោះ។ លោកថា ទោះបីជាយើងមិនទទួលបានការយល់ព្រមបែបនេះក៏ដោយ… យើងនៅតែផ្ទេររថក្រោះរបស់យើងរួមគ្នាជាមួយអ្នកផ្សេងទៀតទៅឱ្យអ៊ុយក្រែន។ លក្ខខណ្ឌសម្រាប់យើងនៅពេលនេះ គឺត្រូវបង្កើតក្រុមចម្រុះមួយ។

ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺង់ លោកស្រី អាណាឡេណា ប៊ែរបក់ស៍ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនរារាំងនោះទេ ប្រសិនបើប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន។

សូមរម្លឹកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យ ក្នុងអំឡុងកិច្ចចរចានៅប្រទេសអាល្លឺម៉ង់កាលពីសប្តាហ៍មុន ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំងឱ្យផ្តល់រថក្រោះខ្លារខិន Leopard របស់ខ្លួនដល់អ៊ុយក្រែន ដែលជាតម្រូវការសំខាន់ពីទីក្រុងកៀវ ខណៈដែលខ្លួនព្យាយាមបង្កើនសន្ទុះថ្មី ក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner