អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងគ្នាសាងសង់បំពង់ផ្គត់ផ្គង់ថាមពលថ្មីមកកាន់អឺរ៉ុប

អាល់ហ្សេរី៖ ប្រទេសអាល់ហ្សេរី និងអ៊ីតាលី នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានព្រមព្រៀងគ្នាសាងសង់បំពង់បង្ហូរប្រេងថ្មីមួយ ដើម្បីបញ្ជូនឧស្ម័ន និងអគ្គិសនីរបស់អាល់ហ្សេរីទៅកាន់អឺរ៉ុប។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី, ប្រធានាធិបតីអាល់ហ្សេរី លោក អាប់ឌែលម៉ាជីដ ថេបបូន បាននិយាយថា គម្រោងនេះនឹងធ្វើឱ្យប្រទេសអ៊ីតាលីជាអ្នកចែកចាយដ៏សំខាន់នៃថាមពលរបស់អាល់ហ្សេរីទៅកាន់អឺរ៉ុប។

ចំណែកលោកស្រី មេឡូនី បានបញ្ជាក់ថា សម្រាប់ពន្លឺនៃវិបត្តិថាមពលនៅអឺរ៉ុប អាល់ហ្សេរីអាចក្លាយជាអ្នកផ្គត់ផ្គង់នៅកម្រិតអាហ្រ្វិក និងពិភពលោក តាមរយៈអ៊ីតាលីទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំងអស់ ហើយថា អាល់ហ្សេរីគឺជាដៃគូពាណិជ្ជកម្មដំបូងរបស់អ៊ីតាលីនៅអាហ្វ្រិក។

លោកស្រី មេឡូនី ក៏បានបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសអ៊ីតាលី ក្នុងការធ្វើពិពិធកម្មភាពជាដៃគូជាមួយអាល់ហ្សេរីផងដែរ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទំនាក់ទំនង ជីវវេជ្ជសាស្ត្រ ឧស្សាហកម្ម និងថាមពលកកើតឡើងវិញ។

ស្របពេលជាមួយគ្នានោះដែរ អាល់ហ្សេរី និងអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលមានការចូលរួមជាអធិបតីភាពពីលោក ថេបបូន និងលោកស្រី មេឡូនី។ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី បានមកដល់ប្រទេសអាល់ហ្សេរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner