ផឹកស្រាស្រវឹងបើករថយន្ត ជ្រុលទៅបុកនារីម្នាក់ស្លាប់
ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់រួមដំណើរបុរសម្នាក់ទៀតក្រោយពីរបានផឹកសុីជាមួយមិត្តភក្តិអស់ស្រាស ចំនួន២លីត្រ រួចយករថយន្តថៅកែទុកសម្រាប់លក់បើកដើរលេង ជ្រុលបុកនារីម្នាក់កំពុងជិះម៉ូតូ ពីក្រោយផ្លោងជិត២០ម៉ែត្របោកនឹងកង់បីឥណ្ឌាមួយគ្រឿងបែកក្បាលស្លាប់ភ្លាមៗ រួចនាំគ្នាបើករថយន្តរត់ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣កែងនឹងផ្លូវ១៩៨២ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ ណុប ពិសី អាយុ២០ មុខរបរនិស្សិត នៅសលកវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
តាមរៀបរាប់ពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា រូបគេបានជួបជុំផឹកសុីជាមួយមិត្តភក្តិ៤-៥នាក់ទៀត ផឹកស្រាស អស់ចំនួន២លីត្រ ក្រោយពីបានផឹកសុីរួចក៍បែកគំនិតចង់ដើរលេង រួចបាន យករថយន្តម៉ាកឡិចសុីសRX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-3407 ដែលថៅកែរបស់ខ្លួនបានបើកយកមកទុកនៅការ៉ាស់មួយកន្លែងនៅម្តុំរង្វង់មូលទួលគោក សម្រាប់ទុកលក់ រួចក៏ឆ្លៀតយកបើកដើរលេង រួមដំណើរនឹងបុរសម្នាក់ទៀតដោយធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ។ មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពត1G-2379 ជិះដោយនារីម្នាក់នៅខាងមុខពីក្រោយផ្លោងជិត២០ម៉ែត្រទៅបោក នឹងកង់បីឥណ្ឌាមួយគ្រឿងបើក បញ្ច្រាស់ទិសដៅគ្នា បណ្តាលនារីរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់មកដល់ផ្លូវបេតុងកែង នឹងផ្លូវសម្តេចជាសុីម ជាប់នឹងការ៉ាស់សាំង លីម ហេង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរ និងអ្នករួមដំណើរ និងរថយន្ត រួចប្រគល់ជូនជំនាញភ្លាមៗ។
ចំពោះកម្លាំងអន្តរាគមន៍ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូ កង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ