កម្ពុជាជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន
នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ ២០១៩ នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំសុខាភិបាលអាស៊ាន ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។
ក្រសួងសុខាភិបាលកម្ពុជា ក្នុងតួនាទីជាប្រធានឧត្ដមមន្ត្រី សុខាភិបាលអាស៊ានបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំឧត្ដមមន្ត្រីសុខាភិបាលអាស៊ាន សម្រាប់ត្រៀមរៀបចំការប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ (14th ASEAN Health Ministers Meeting and related meeting) ថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ២០១៩ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានឧត្ដមមន្ត្រីសុខាភិបាលអាស៊ាន ដោយមានប្រតិភូឧត្ដមមន្ត្រីសុខាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ប្រទេសចូលរួម រួមមាន៖ ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម រួមទាំងអាស៊ានបូកបី(ជប៉ុន ចិន កូរ៉េ) និងអាស៊ានបូកចិន។
កិច្ចប្រជុំបានដំណើរការពិភាក្សាដោយយកចិត្តទុកដាក់ផ្តោតសំខាន់លើវឌ្ឍនៈភាពនៃការអនុវត្តកិច្ចការរបស់ក្រុមការងារសុខាភិបាលអាស៊ាន (Health Cluster) ទាំងបួនរួមមាន ១៖ការលើកកម្ពស់ការរស់នៅមានសុខភាពល្អ (Promoting Healthy Life Style), ២៖ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានឡើងទាំងអស់(Responding to all Hazards and Emerging Treats), ៣៖ ការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបាននូវការថែទាំ (Strengthening Health System and Access to Care) និង ៤៖ការធានាសុវត្ថិភាពចំណីអាហារ (Ensuring Food Safety)។
កិច្ចប្រជុំក៏បានរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួមគ្នានៃរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ ដែលនឹងប្រព្រ្តឹត្តទៅនៅថ្ងៃទី ២៩ និង៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះក៍បានឯកភាពរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួមគ្នានៃរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី(ជប៉ុន ចិន កូរ៉េ)សម្រាប់ដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី៨នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឧត្តមមន្ត្រីសុខាភិបាលអាស៊ានបានបន្តកិច្ចប្រជុំពាក់ព័ន្ធ ជាបែប side event ចំនួន២ប្រធានបទ សំដៅលេីការគ្របដណ្តប់សុខភាពជាសាកល និងការលេីកកម្ពស់ការថែទាំសុខភាពដោយផ្តោតលេីជម្រេីសចំណីអាហារដែលមានសុខភាពល្អ ដែលជាផ្នែកមួយនៃការលេីកតម្កេីងកាត់បន្ថយហានិភ័យនៃជំងឺនានា។
ក្នុងកិច្ចប្រជុំទាំងបីថ្ងៃនេះ អង្គប្រជុំបានសម្រេចរៀបចំឯកសារជាច្រេីនពាក់ព័ន្ធនឹងសកម្មភាពជម្រុញក៏ដូចជាពន្លឿនកិច្ចខិតខំប្រឹងប្រែងដេីម្បីលេីកតម្កេីង សុខភាពប្រជាជនដែលនឹងត្រូវដាក់ជូនអង្គប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានពិនិត្យ និងអនុម័តនៅថ្ងៃទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយផ្អែកលេីចំនុចសំខាន់ៗដែលបានលេីកជាការគាំទ្រដល់សកម្មភាពសខាន់ៗ សម្រាប់ជម្រុញ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងដេីម្បីសុខភាពប្រជាជនអាសុីអាគ្នេយ៌ដែលឆ្លេីយតបទៅនឹងប្រធានបទនៃកិច្ចប្រជុំ និងបង្ហាញពីឆន្ទះព្រមទាំងការប្តេជ្ញាចិត្តរបស់ប្រទេសអាស៊ាន អាស៊ានបូកបី និងបូកចិន លេីចំនុចសំខាន់ទាំងនោះ៕ធ.ដ