មន្ត្រីសំខាន់ៗមកពីក្រុងបាត់ដំបង និង ស្រុកសង្កែទទួលការបណ្តុះបណ្តាល “ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ានៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង”

អត្ថបទដោយ៖
Kien Sereyvuth

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដែលលេចចេញជារូបរាង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងទទួលបានហិ រញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានអនុវត្តន៍ចាប់តាំងពីអំឡុងឆ្នាំ២០១៨មកនេះ គឺក្នុងគោលបំណងដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងវិញ ទៅលើប្រព័ន្ធលូរំដោះទឹកពីទីក្រុង ដែលស្ថិតនៅផ្នែកខាងកើត នៃដងស្ទឹងសង្កែ ខេត្តបាត់ដំបង។ នេះជាការថ្លែងបញ្ជាក់របស់លោក សឿម ប៊ុន រិទ្ធិ អភិបាលរងខេត្ត តំណាងឯកឩត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ខែសីហានេះ នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលដោះស្រាយបណ្ដឹងតវ៉ានៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុងរបៀងខាងត្បូងរបស់ខេត្តបាត់ដំបង ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយក្នុងនោះបានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោល ជាង ២០នាក់ ដែលមកពីស្រុកសង្កែ និងក្រុងបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធភូមិឃុំ-សង្កាត់ ស្ដីពីយន្តការដោះស្រាយបណ្ដឹងតវ៉ានៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដែលស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត។

លោក ចាន់ ធន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់បានគូសបញ្ជាក់ឲ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងផ្តោតសំខាន់ ដើម្បីបង្រៀនបន្ថែមដល់អា ជ្ញាធរមូលដ្ឋានឲ្យបានយល់ដឹងពីតួនាទីរបស់ខ្លួន ក្នុងការដោះស្រាយបណ្ដឹងតវ៉ារបស់ពលរដ្ឋ។ នៅពេលដែលរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អនុវត្តន៍គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាង ត្បូងរបស់ខ្លួននៅទីនោះ។ លោកក៏បានធ្វើការគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មានបង្រៀនដល់សិក្ខាកាមចេះឲ្យដោះស្រាយនូវបណ្ដឹងផ្ទាល់មាត់ជូនប្រជាពលរដ្ឋ មុននឹងឈានដល់ការងាររដ្ឋបាល។ ការធ្វើលិខិតស្នាម ដើម្បីបញ្ជូនមកថ្នាក់ស្រុកនៅថ្នាក់ខេត្តឲ្យជួយដោះស្រាយ ហើយក្នុងនោះសិក្ខាកាម ប្រសិនបើមិនយល់ពីមេរៀនដែលកំពុងបង្រៀន ក៏ត្រូវលើកជាសំណួរដើម្បី គ្រូឧទ្ទេសមានឱកាសបានធ្វើការពន្យល់បកស្រាយជូនឲ្យបានកាន់តែយល់ច្បាស់ ចៀសវាងការយកទៅអនុវត្តន៍មិនបានរលូនល្អ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងទៀតថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនេះ ឲ្យទទួលបានជោគជ័យ និងរលូន រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំ បង្កើតអនុគណៈកម្មការខេត្ត និងក្រុមការងារ ដែលមានរូបលោកផ្ទាល់ ជាប្រធានដឹកនាំ ដើម្បីសហការ និងសម្របសម្រួលជាមួយក្រុមការងារអន្តរក្រសួង។ លោកបានផ្តាំផ្ញើដល់មន្ត្រីសំខានៗ ដែលជាសិក្ខាកាម និងជាជនបង្គោលក្នុងការអនុវត្ត “ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ានៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ចក្រុងរបៀងខាងត្បូង” ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់ និងយកចំណេះដឹងទាំងនេះ ទៅអនុវត្តន៍ក្នុងមូលដ្ឋានខ្លួន ឲ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងគោលនយោបាយដំណោះស្រាយរបស់គម្រោង ចៀសវាងបង្កការរាំងស្ទះដល់ការអនុវត្តគម្រោង ហើយដំណោះស្រាយជូនប្រជាពលរដ្ឋ ក៏ត្រូវតែមានតម្លាភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយគម្រោងផងដែរ៕ ដោយៈ អ៊ុក សំអាន

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner