សម្តេចនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំប្តូរវេនរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ នៅក្រុងអង្គរ
កិច្ចប្រជុំប្តូរវេនរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ នឹងប្រារព្ធនៅក្នុងក្រុងអង្គរ ខេត្តសៀមរាប ថ្ងៃទី២៩សីហាស្អែកនេះ ក្រោមការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កម្ពុជាដែលជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានអាស៊ានបូកបី និងអាស៊ានចិនផងដែរ រវាងពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែសីហា នៅក្នុងខេត្តសៀមរាប។ មន្ត្រីរៀបចំបានថ្លែងថា កិច្ចប្រជុំនៅក្នុងក្រុងអង្គរនេះ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១)ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។ ២)ការធានានិរន្តរភាពហិរញ្ញប្បទានសេវាថែទាំសុខភាព។ ៣)ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័តកម្មសុខភាព អន្តរជាតិ របស់អង្គការសុខភាពពិភពលោក និងទី៤)នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។
កិច្ចប្រជុំដែលនឹងបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍នេះ មានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេស អាស៊ានទាំង១០ មន្ត្រីសុខាភិបាលពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរនានាសរុបប្រមាណ៣០០នាក់៕