នាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា បដិសេធព័ត៌មានឧក្រិដ្ឋកម្មនៅផ្សារអ៊ីអន២
នាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវ Page អនាមិគមួយដែលបានបង្ហោះអំពើឃាតកម្មមួយកើតឡើងនៅក្រៅប្រទេស ប៉ុន្តែបានសរសេរបំផុសថា កើតឡើងក្នុងផ្សារ អ៊ីអន២ ក្នុងរាជធានីភ្នំពេញ។ ការបង្ហោះអំពើឃាតកម្ម ដោយការនិយាយថាកើតឡើងក្នុងផ្សារអ៊ីអនទី២នេះ បានធ្វើក្នុងបណ្តាញសង្គម ដែលការបង្ហោះព័ត៌មានមិនពិតនេះ ត្រូវគេពណ៌នាថា បាននាំឲ្យមានការយល់ច្រឡំអំពីកត្តាសន្តិសុខ ក្នុងប្រទេសកម្ពុជា។ ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បាន ថ្លែងនៅថ្ងៃ២៨សីហានេះ បដិសេធអំពើឃាតកម្មកើតឡើងក្នុងផ្សារអ៊ីអន២ និងលោកបានថ្លែងថា លោកបានដាក់បទបញ្ជាមន្ត្រីក្រោមឱវាទដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ស្វែងរកប្រភព ដែលផ្សាយព័ត៌មានមិនពិតនោះ។ លោកឧត្តមសេនីយ៍ឯកបានថ្លែងថា ព័ត៌មានក្លែងក្លាយដែលបង្ហោះក្នុងបណ្តាញសង្គមនោះ គឺក្នុងគោលបំណងបង្កឲ្យមានភាពច្របូកច្របល់ និងយល់ច្រឡំ នូវកត្តាសន្តិសុខក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕