នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអនុព័ន្ធយោធាអាម៉េរិក
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអាម៉េរិក ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៨សីហានេះ នាបន្ទប់សវនាការអគ្គបញ្ជាការដ្ឋាន។ នាយការិយាល័យអនុព័ន្ធយោធាអាម៉េរិកប្រចាំកម្ពុជាបច្ចុប្បន្ន គឺលោកវរសេនីយ៍ឯក ម៉ៃខុល ស្តែលហ្ស៊ីក។ យោងតាមមន្ត្រីយោធានកម្ពុជាកិច្ចពិភាក្សា បានផ្តោតលើសភាពការណ៍នៃប្រទេសកម្ពុជាដែលប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស ការរីកចម្រើនរបស់ប្រទេសកម្ពុជា និងទំនាក់ទំនងរវាង កម្ពុជា និងអាម៉េរិក ដែលនៅតែបន្តកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក។
គួររំលឹកថាក្នុងសប្តាហ៍នេះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ជូននាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ឥត សារ៉ាត ក្នុងការចូលរួម កិច្ចប្រជុំជាមួយន្ត្រីយោធាជាន់ខ្ពស់នានាពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមការរៀបចំរបស់បញ្ជាការដ្ឋានយោធាអាម៉េរិកប្រចាំតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក នៅក្នុងក្រុងបាងកក ដែលការជជែកគ្នា ត្រូវមន្ត្រីរៀបចំបានបញ្ជាក់ថា គឺផ្តោតលើបញ្ហាប្រឈម និងឱកាសនៅក្នុងតំបន់៕