កម្ពុជា និងម៉ារុក សន្យាពង្រឹងវិស័យការទូតសភា

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា និងប្រទេសម៉ារ៉ុក បានសន្យាពង្រឹងវិស័យការទូតសភាជាមួយគ្នា។ ការសន្យានោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម៉ារ៉ុក លោក ហាប៊ីប អែល ម៉ាលគី កាលពីរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០១៩ នៅក្រុងបាងកកប្រទេសថៃ ក្នុងឱកាសកំពុងស្នាក់នៅចូល រួមក្នុងកិច្ចប្រជុំ AIPA នាទីក្រុងបាងកក។ នៅក្នុងជំនួបនោះ លោក ហា ប៊ីប អេល ម៉ាលគី បានស្នើសុំសម្តេចប្រធានរដ្ឋសភាកម្ពុជា គំាទ្រប្រទេសម៉ារ៉ុក ជាអ្នកសង្កេតការណ៍ពេញសិទ្ធិ របស់អន្តរសភាអាស៊ាន ខណៈដែលការចូលរួមរបស់ម៉ារ៉ុកក្នុងមហាសន្និបាត AIPA ពេលនេះ ក្នុងនាមជាភ្ញៀវរបស់សភាប្រទេសថៃ ដែលជាប្រធាន AIPA ប៉ុណ្ណោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រសំណើរបស់ប្រធានរដ្ឋសភាម៉ារ៉ុក ប៉ុន្តែត្រូវឆ្លងកាត់នីតិវិធីរបស់ AIPA ជាមុនសិន។ សម្តេចបានគូសបញ្ជាក់ថា ការពង្រីកភាពជាដៃគូរបស់ AIPA ជាគោលការណ៍របស់វេទិកាសភាតំបន់មួយនេះ។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញលោក ហាប៊ីប អេល ម៉ាលគី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ នៅឆ្នាំ២០២០ខាងមុខ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ លោកប្រធានរដ្ឋសភាម៉ារ៉ុក ទទួលយកសំណើរបស់សម្តេច និងបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅទស្សនកិច្ចនៅប្រទេសម៉ារ៉ុកវិញ ដោយលោកបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកនោះ គឺជាការពង្រឹងពង្រីកវិស័យការទូតសភា ប្រទេសទំាងពីរឲ្យរឹងមាំឡើង។ ព្រះរាជណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក មានទំនាក់ទំនងការទូតជាមួយគ្នាជាងពីរទសវត្សមកហើយ ជាពិសេសគឺក្នុងអតីតសម័យសម្តេច ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមានទំនាក់ទំនងយ៉ាជិតស្និទ្ធជាមួយអតីតព្រះមហាក្សត្រម៉ារ៉ុក៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner