ប៉ាគីស្ថាន គ្រោងនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិថាមពល

មូស្គូ៖ ប្រទេសបាគីស្ថានបាននិងកំពុងពិភាក្សាជាមួយទីក្រុងមូស្គូ ជុំវិញការចាប់ផ្តើមការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី។ ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងទទួលរងការខ្វះខាតថាមពលយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃតម្លៃប្រេង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងវិបត្តិរូបិយប័ណ្ណបរទេស។

រដ្ឋមន្ត្រីសេដ្ឋកិច្ចប៉ាគីស្ថាន លោក អាយ៉ាស់ សាឌីស បានជួបជាមួយរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក នីកូឡេ ស៊ូលជីណូវ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ បើតាមសេចក្តីថ្លែងការណ៍រួមនៃជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការថាមពល រួមទាំងការវិនិយោគពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

សេចក្តីថ្លែងការណ៍បន្ថែមថា ប្រតិបត្តិការពាណិជ្ជកម្មប្រេង និងឧស្ម័ន នឹងត្រូវធ្វើឡើងតាមរបៀបដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់ភាគីទាំងពីរ ហើយថា ដំណើរការនេះនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីបង្អាក់ប្រាក់ចំណូលរបស់ប្រទេសនេះ ចាក់បញ្ចូលទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែអ្នកវិភាគបានចង្អុលបង្ហាញថា ចិន និងឥណ្ឌាបានទាញយកប្រយោជន៍ពីស្ថានការណ៍នេះ តាមរយៈការទិញថាមពលពីរុស្ស៊ីដែលចែកចាយលក់បញ្ចុះតម្លៃ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner