នៅក្នុងការជូញដូរអាស៊ី តម្លៃប្រេងឆៅបានកើនឡើងបន្តិច
តម្លៃប្រេងឆៅបានកើនឡើងបន្តិច នៅក្នុងការជូញដូរអាស៊ី នៅព្រឹកថ្ងៃអង្គារ ខណៈដែលទីផ្សារផ្តោតលើចក្ខុវិស័យនៃការស្ទុះងើបឡើងវិញ នៃតម្រូវប្រេងពីប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ថាមពលច្រើនជាងគេ និងផ្តោតលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក។
តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៥សេនដល់ ៨៨,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១៣សេនដល់ ៨១,៧៥ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅនៅក្នុងទីផ្សាររូបវន្តបានចាប់ផ្តើមកើនឡើងនៅឆ្នាំនេះ ដោយសារប្រទេសចិនដែលបានលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានបង្ហាញសញ្ញានៃការទិញប្រេងកាន់តែច្រើន និងខណៈពេលដែលពាណិជ្ជករមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចរឹតបន្តឹងការផ្គត់ផ្គង់។

ទោះជាយ៉ាងណា អ្នកវិភាគមកពីក្រុមហ៊ុន OANDA លោក Edward Moya បានឱ្យដឹងថា តម្លៃប្រេងឆៅកំពុងធ្លាក់ចុះនៅពេលដែលតម្លៃប្រាក់ដុល្លារមានស្ថិរភាព និងខណៈពេលដែលចិនបើកចំហរប្រទេសឡើងវិញ៕

ប្រភពពី Reuters, ប្រែសម្រួលដោយ៖ សារ៉ាត