នាយឧត្តមសេនីយ៍ឯក​​ មនោ សែន​ បានលើកឡើងថា ក្រសួងមហាផៃ្ទបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៣នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានអញ្ជើញជាចូលរួមនៅ ក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៦លើកទី២ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលមានសិស្សចំនួន១៨៦ ស្រ្តី១៨នាក់ ។

នាយឧត្តមសេនីយ៍ឯក មនោ សែន បានលើកឡើងថា ក្រសួងមហាផៃ្ទបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ បច្ចុប្បន្ននេះ យើងអាចបន្តការងារបណ្តុះបណ្តាល និងរៀបចំពិធីនេះបាន ដោយសារតែរាជរដ្ឋាភិបាលបានបើកឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការជួបវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព ។
ឯកឧត្តម បានអបអរសាទរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងថ្លែងអំណរគុណដល់ប្អូនៗទាងអស់ដែលបានចូលរួមចំណែកថវិកាដោយស្ម័គ្រចិត្តក្នុងការអភិវឌ្ឍន៍សាលានគរបាលជាតិភូមិភាគ៣ ។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សាលានគរបាលជាតិភូមិភាគ៣ខេត្តកំពង់ស្ពឺ ឲ្យបន្តអនុវត្តទៅតាមផែនការ និងស្តង់ដារគុណភាពដែលបានកំណត់ និងបន្តកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្តល់អនុសាសន៍ដល់ប្អូនៗសិស្សនគរបាលជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍និងប្រសិទ្ធភាពដល់អង្គភាពការងារនិងសង្គមជាតិ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner