អភិបាលខេត្តព្រះសីហនុដាក់ចេញផែនការតម្រូវម្ចាស់សហគ្រាសនានាប្រើប្រាស់ហត្ថពលកម្មបរទេសឱ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិ ពាក់ ព័ន្ធ ការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស គ្រឹះស្ថាន នៅក្នុងខេត្ត ខណៈអភិបាលខេត្តបានដាក់ចេញផែនការមិនមាន ការអនុគ្រោះទៀតទេ ដើម្បីធ្វើយ៉ាងណាឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែល មានទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។

ក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើ ប្រាស់ ហត្ថពលកម្មបរទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ នា ថ្ងៃទី ២៤ ខែមករា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន បញ្ជាក់ ថា ការផ្សព្វផ្សាយនេះមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់ សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់ កម្ពុជាឱ្យមានប្រសិទ្ធិភាព។ គោលបំណងផ្សព្វផ្សាយនេះ ដើម្បីគណៈកម្មការ អន្តរក្រសួងជំរុញត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស និងដាក់ ចេញផែនការសកម្មភាពរយៈពេល ៦ខែ ពីចាប់ពីខែមករា ដល់ខែមិថុនា ដោយបែងចែកជាពីរដំណាក់កាល គឺផ្សព្វផ្សាយលើកកម្ពស់ការយល់ ដឹង របស់សហគ្រាស គ្រឹះស្ថានរយៈពេលបីខែ ចាប់ពីខែមករា ដល់ខែមីនា ស្តីពីគោលការណ៍ វិធានការច្បាប់ ឱ្យមានការយល់ដឹង និងចូលរួមអនុវត្ត ច្បាប់ គ្រប់ៗគ្នា។ត្រូវរៀបចំបញ្ជីស្វ័យត្រួតពិនិត្យសហគ្រាស គ្រឹះស្ថាន ប្រើប្រាស់ ហត្ថពលកម្មបរទេស ឱ្យម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេស ធ្វើស្វ័យប្រកាសមករដ្ឋបាលរាជធានី ខេត្ត មុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម គួច ចំរើន បានបន្តទៀតថា សម្រាប់ដំណាក់កាលទី២ គឺជា ដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនការងាររយៈពេលបីខែ ចាប់ពីខែមេសា ដល់ខែមិថុនា ២០២៣ ដោយអនុវត្តតាមគោលការណ៍ច្បាប់ឱ្យបានរលូន និងមានប្រសិទ្ធិភាព។
ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា ៖ « យើងមិនមានការអនុគ្រោះទៀតទេ ដើម្បីឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ហើយការចុះអនុវត្ត គឺយើង ពិនិត្យដំបូងគេ គឺកន្លែងណាធំ ដើម្បីធ្វើជាគំរូដោយមិនទុកឱកាស ឱ្យត្រី ងៀតឆ្លៀតពង ឬកន្ទេលធំប្រឡំដេកនោះទេ។ សូមអស់លោក លោក ស្រី ដែលជាតំណាងពេលត្រឡប់ទៅវិញត្រូវរាយការណ៍ជូនថៅកែ ឬម្ចាស់ សណ្ឋាគារ កាស៊ីណូ ព្រោះយើងមិនស្វាគមន៍អ្នកដែលមិនគោរព ច្បាប់ នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យតំណាងសហគ្រាស គ្រឹះស្ថាន ទទួលខុសត្រូវលើបញ្ហាទាំងអស់នេះ ហើយលោកក៏បានណែនាំ ឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើលិខិតអញ្ជើញម្ចាស់ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ចូលរួមការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្ម បរទេសដល់សហគ្រាស និងគ្រឹះស្ថានទូទាំងខេត្តព្រះសីហនុ ឱ្យបានគ្រប់ៗ គ្នានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

ក្នុងពិធីផ្សព្វផ្សាយខាងលើនេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញទាក់ទងនឹ ងទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា, បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារ ជនបរទេស ប្រចាំឆ្នាំ, ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្ម បរទេស,ការ ផាក ពិន័យ និងការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ:ជាដើម។

សូមបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងក្នុងពិធីផ្សព្វផ្សាយការងារគ្រប់ គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ ដោយសម្ដេចបានណែនាំ និងជំរុញលើកទឹកចិត្តឱ្យក្រសួងស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអំពាវនាវដល់កម្មករនយោជិកបរទេស និយោជកនៃរោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា ៖ «ក្នុងពេលចុះធ្វើអធិការកិច្ច ករណីរកឃើញតម្រុយសង្ស័យ បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើស ផ្សេងៗទៀត ក្រុមចម្រុះអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មកគណៈ បញ្ជាការឯកភាព រាជធានី-ខេត្ត និងគណៈកម្មការអន្តរក្រសួងដើម្បី ចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន»។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការអនុវត្តវិធានការពិន័យ ដែលក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួង ស្តីពី ប្រាក់ ឈ្នួលយោងប្រចាំថ្ងៃ ដោយកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ៨០ ០០០ រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ទៅ តាម ទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ក្រសួងក៏បានកំណត់ប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំនួន ២០០ ០០០ រៀល ជាកម្រិតកំណត់សម្រាប់គណនាការពិន័យជាប្រាក់ចំពោះបទល្មើសនឹងមាត្រា២៦១ មាត្រា២៦៤ និងមាត្រា៣៧២ នៃច្បាប់ស្តីពីការងារ (ដែលជា បទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេសមិនត្រឹមត្រូវតាមច្បាប់ស្តីពីការងារ)។
ក្រសួងបានបន្តថា តាមរយៈនេះ ការពិន័យលើបទល្មើសនៃការប្រើប្រាស់ ហត្ថពលកម្មបរទេសមិនត្រឹមត្រូវនឹងកើនឡើងពី ២ ៥២០ ០០០រៀល ទៅ ១២ ៦០០ ០០០រៀល។ ការដំឡើងនេះមិនមានគោលដៅរកចំណូលថវិកាជាតិដោយការផាកពិន័យទេ តែជាវិធានការដើម្បីទប់ស្កាត់ បទល្មើសដែលត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយ ដល់គ្រប់សហគ្រាស គ្រឹះស្ថានបានជ្រាប៕ ដោយ៖ យុទ្ធ វីរៈ

ads banner