កម្ពុជាបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ដើម្បីទំនើបកម្មការអប់រំឌីជីថល និងគ្រោងពង្រីកគម្រោងសម្រាប់សាលារៀនទូទាំងប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាសម្រេចបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) ក្រោមជំនួយ ប្រទេសកូរ៉េខាងត្បូង ក្នុងបំណងធ្វើទំនើបកម្មមធ្យោបាយអប់រំតាមរយៈប្រព័ន្ធឌីជីថលដែលបានឆ្លងកាត់ការសាកល្បងដោយជោគជ័យលើការបង្កើតមាតិកា និងបង្រៀនដល់សិស្សសាលារៀនមួយ ។ស្ថាប័ននេះមានគម្រោងពង្រីកឱ្យដល់ក្របខ័ណ្ឌសាលារៀននៅទូទាំងប្រទេស ដើម្បីចូលរួមកែប្រែវិស័យអប់រំកម្ពុជាឱ្យឈានទៅមុខ មានគុណភាព និងសម្បូរបែប។

កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣ តាមរយៈកិច្ចប្រជុំរវាងក្រសួងចំនួនបួន ដោយមានឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអ្នកដឹកនាំ និងដោយមានការចូលរួមពីថ្នាក់ដឹកនំា ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានពិនិត្យពីវឌ្ឍភាពនៃគម្រោងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក្នុងន័យធ្វើទំនើបកម្មមធ្យោបាយអប់រំនៅកម្ពុជាស្របតាមសម័យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

នាឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងថា ៖ «គម្រោងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការដកពិសោធន៍ក្នុងបរិបទជំងឺរាតត្បាតជាសាកលកូវីដ១៩ ហើយជាដំណើរការពន្លឿនផ្នែកអប់រំតាមរយៈឌីជីថល និងអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលផ្សេងៗនៅកម្ពុជា»។

គម្រោងនេះ ក៏ជាសកម្មភាពអាទិភាពមួយផងដែរ នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយការរួមបញ្ចូលគ្នា។

បន្ទាប់ពីពិភាក្សារវាងក្រសួងទាំងបួន រួចឯកឧត្តម សុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យនៃវឌ្ឍនភាពនៃគម្រោង EBC ជុំវិញលទ្ធផលនៃការដាក់សាកល្បងលើការសិក្សាតាមប្រព័ន្ធអ៊ីនធើណែតរបស់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ហើយលោកសង្ឃឹមថានឹងពង្រីកគម្រោងនេះសម្រាប់ក្របខណ្ឌសាលារៀននៅទូទាំងប្រទេសនៅពេលអនាគតដ៏ខ្លី។

សូមបញ្ជាក់ដែរថា តាមរយៈរបាយការណ៍ បច្ចុប្បន្ននេះ EBC បានផលិតវីដេអូមាតិកាអប់រំជាច្រើនប្រភេទបានចំនួន ៤ ៩៥៤ ភាគ ក្នុងនោះមានវីដេអូ បង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោងសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ដែលមានសិស្សសរុបជាង៥ ០០០នាក់។

EBC បានរៀបចំបន្ទប់ចំនួនពីរ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ២៥គ្រឿង ថេបប្លេត២៥គ្រឿង និងសម្ភារៈចាំបាច់មួយចំនួន ព្រមទាំងតម្លើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវាអ៊ីនធឺណែតគ្របដណ្តប់បរិវេណសាលាទាំងមូល។

ជុំវិញបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង យល់ឃើញថា គម្រោងនៃការពង្រីក និងអភិវឌ្ឍន៍ការអប់រំតាមរយៈប្រព័ន្ធឌីជីថលពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងបរិបទសព្វថ្ងៃនៅក្នុងដំណាក់កាលកូវីដ១៩ ដែលហាក់មិនទាន់ធូរស្បើយពីពិភពលោក ជាមួយនឹងស្ថានការណ៍សាកលកំពុងទំនោរវិវត្តទៅក្នុងពិភពឌីជីថលនេះទៅហើយ។

លោក ឈត ប៊ុនថង សង្កេតឃើញពីស្ថានភាពការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្ពុជាដូច្នេះថា៖ «ជាការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជាយើងមានវិវត្តខ្លួនជាសន្សឹមៗ ទៅហើយ ជាពិសេសនៅអំឡុងសម័យកូវីដ១៩ នេះ ដែលវាបានជួយជំរុញឲ្យការត្រៀមខ្លួនរបស់កម្ពុជាក្នុងវិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាលថែមទៀតផង»។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិ និងស្ថាប័នពាក់ព័ន្ធនៅក្នុងការងារបណ្តុះបណ្តាលតាមរយៈប្រព័ន្ធឌីជីថល ដែលលោកសង្កត់ធ្ងន់ថា ជាការវិនិយោគរយៈពេលវែងដើម្បីជួយប្រជាពលរដ្ឋខ្មែរឱ្យសម្រេចបាន និងចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្នុងពេលអនាគត ហើយវាបង្កភាពងាយស្រួលផង។

លោក ប៉ា ច័ន្ទរឿន ក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធនិងរដ្ឋាភិបាលបន្តកិច្ចខិតខំក្នុងដំណើរធ្វើទំនើបកម្មប្រព័ន្ធអប់រំរបស់កម្ពុជា ដើម្បីឱ្យពលរដ្ឋខ្មែរ និងធនធានមនុស្សកាន់តែមានចំណេះដឹង អាចចេញទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថល ដែលលោកថា រដ្ឋាភិបាលត្រូវបន្តបង្កើនកិច្ចវិនិយោគលើការអប់រំលើផ្នែកនេះតួយ៉ាង ការបង្កើតមាតិកាមេរៀនតាមប្រព័ន្ធឌីជីថល ឲ្យកាន់តែសម្បូរបែប និងភាពទាក់ទាញ។

គួរបញ្ជាក់ថា ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) គឺជាគម្រោងរួមគ្នារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានគាំទ្រជាជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(MSIT) របស់ប្រទេសកូរ៉េខាងត្បូង និងអនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS) បាននិងកំពុងផលិតមាតិកាអប់រំឌីថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំប្រកបដោយគុណភាព បានទូលំទូលាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។

មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគោលជំហពង្រឹង ចំណេះដឹងផ្នែកឌីជីថលដើម្បីពង្រឹងកម្រិតគុណភាពធនធានមនុស្សនៅកម្ពុជាឱ្យឆ្លើយតបនឹងស្ថានការណ៍វិវត្តរបស់សាកលលោក ។ជាក់ស្តែងនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ កាលពី ដើមឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានស្នើ ឱ្យក្រសួងអប់រំគាំទ្រដល់ការអប់តាមបែបឌីជីថលនេះផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner