ណែនាំដល់បណ្ដាខេត្តជាប់ព្រំដែនមួយចំនួន ត្រូវឱ្យជនចាស់ជរា ត្រូវនៅក្នុងផ្ទះ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃស្អែក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មានការណែនាំដល់អាជ្ញាធរបណ្ដាខេត្តជាប់ព្រំដែនមួយចំនួនឱ្យ យកចិត្តទុកដាក់លើជនចាស់ជរា និងស្នើឱ្យជនចាស់ជរាត្រូវនៅក្នុងផ្ទះ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៥ ខែមករា ដោយសារកម្ពុជាទទួលឥទ្ធិពលខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

បណ្ដាខេត្តជាប់ព្រំដែនទាំងនោះរួមមាន៖ ខេត្តមណ្ឌលគិរី ខេត្តរតនាគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើម ដែលទទួលឥទ្ធិពលពីទ្រនុង នៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅ ខ្លាំង ចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៤ ខែមករា។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ដែលមានសីតុណ្ហភាព អប្បបរមាពី ១៨-២២ អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣៣ អង្សាសេ។ ចំពោះតំបន់ខ្ពង់រាប អាកាសធាតុអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ដែលមានសីតុណ្ហភាពអប្បបរមាពី ១៥-២០អង្សាសេ និងសីតុណ្ហភាព អតិបរមាពី ២៨-៣១អង្សាសេ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សាសេ នៅពេលព្រឹក និងនៅពេលយប់។

ប្រភពដដែលបានបន្ថែមថា សម្រាប់តំបន់មាត់សមុទ្រ នឹងអាចមាន ខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់ ដែលមានសីតុណ្ហភាព អប្បបរមាពី ២១-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៣ អង្សាសេ។

អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានប្រាប់ឱ្យដឹងថា កន្លងមក អាជ្ញាធរខេត្តតែងតែផ្សព្វផ្សាយជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បី ឱ្យពួកគាត់ធ្វើការផ្សព្វផ្សាយបន្តទៅកាន់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការ ប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ។

លោកបានបន្តថា បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម ខេត្តឧត្តរមានជ័យនឹងមានការចុះត្រជាក់ចាប់ពីថ្ងៃទី២៥ ខែមករា ទៅវាមិនមែនជារឿងដែលព្រួយបារម្ភខ្លាំងនោះទេ ដោយសារអាជ្ញាធរ ខេត្ត បាន ត្រៀមការងារនេះរួចជាស្រេចហើយ ដើម្បីទប់ទល់នឹងអាកាសធាតុចុះ ត្រជាក់។
លោក ឌី រ៉ាដូ បានបញ្ជាក់ថា ៖ «ដូច្នេះនៅពេលខាងមុខនេះ អាកាសធាតុចុះ ត្រជាក់ អាជ្ញាធរយើងបានណែនាំឲ្យប្រជាពលរដ្ឋមានការថែរក្សាសុខភាព ហើយជាពិសេសជនចាស់ជរា គឺយើងសុំគាត់ឱ្យនៅក្នុងផ្ទះ»។

សម្រាប់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ឱ្យថា តាំងពីដើមមកខេត្តរតនគិរី នៅពេលមានអាកាសធាតុត្រជាក់ អាជ្ញាធរ ខេត្តបានត្រៀមវិធានជាហូរហែររួចមកហើយ។លោកបន្តថា យើងបាន ណែនាំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់តាំងពីភូមិ ឃុំ/សង្កាត់ ទាំងស្រុក និងទាំងខេត្ត ត្រូវណែនាំបន្តទៅដល់ប្រជាពលរដ្ឋនៅពេលដែលមានការ ប្រែប្រួលអាកាសធាតុ ឲ្យពួកគាត់មានការត្រៀមការពារ និងប្រុង ប្រយ័ត្នចំពោះសុខភាពជាដើម។
ឯកឧត្តមបន្តថា ជនចាស់ជរា ដែលមានលោកតា លោកយាយ និងអ្នកដែល មិនមានទីជម្រកគ្រប់គ្រាន់ គឺអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ និង មើលការខុសត្រូវ នៅពេលពួកគាត់មានការខ្វះខាត ដើម្បីផ្ដល់ជាខោអា វរងាសម្រាប់ការពារសុខភាពពួកគាត់ផងដែរ ហើយសម្រាប់ជនចាស់ជរា ដែលមានកូនចៅនៅជាមួយ គឺអាជ្ញាធរមូលដ្ឋាននឹងមិនធ្វើការណែនាំ និងមិនផ្ដល់សម្ភារៈការពារឡើយ។

ចំណែក អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង ក៏បាន ប្រាប់ដែរថា នៅពេលទទួលបានព័ត៌មានពីការចុះត្រជាក់ក្នុងខេត្តនេះ អាជ្ញាធរមូលដ្ឋាន នឹងធ្វើការចុះផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានប្រុងប្រយ័ត្នចំពោះសុខភាព ហើយដែលកន្លងមក អាជ្ញាធរខេត្ត ក៏បានផ្ដល់ជូនខោអាវរងាដល់ជនចាស់ជរា អ្នកដែលមិនមានជីវភាពធូរធារ ផងដែរ។
លោក ជាក់ ម៉េងហ៊ាង លើកឡើងថា ៖ «បច្បុន្ននេះ ដោយសារបងប្អូន ប្រជាពល រដ្ឋយើងភាគច្រើន មានជីវភាពធូរធារ ហើយ ដែលពួកគាត់អាច មានលទ្ធភាពទិញខ្លួនឯងផង ហើយជនចាស់ជរាផ្សេងៗទៀតដែលមិនសូ វមានជីវភាពធូរធារ អាជ្ញាធរយើងក៏បានឧបត្ថម្ភដល់ពួកគាត់រួចអស់ ហើយ ដែរ»។

ទាក់ទងនឹងអាកាសធាតុត្រជាក់នេះសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាតែងតែបានអំពាវនាវដល់អ្នកដែលមានឪពុកម្ដាយនិងជីដូនជីតាចាស់ៗត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នេះ។
សម្ដេចតេជោធ្លាប់បានថ្លែងថា ៖ «ខ្ញុំសូមជម្រាបដែរថា ភាពរងានេះ នឹងធ្វើឱ្យចាស់ៗជួបការលំបាក អ៊ីចឹងសូមឱ្យអ្នកដែលមានឪពុកម្ដាយ ជីដូនជីតាចាស់ៗ មេត្តាយកចិត្តទុកដាក់ទៅលើសុខភាពរបស់ពួកគាត់»៕ ដោយ៖ ជា សុខនី

ads banner