ចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួន ៤,២៥៥នាក់

រតនគិរី៖ ក្នុងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៤,២៥៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៣០នាក់ ភ្ញៀវជាតិ ៤,១២៥នាក់ គឺមានការកើនឡើង ៤.៩៨%។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីអោយដឹងនៅរសៀលថ្ងៃទៅ២៣ ខែមករា ឆ្នាំ២០២៣ ។

របាយការណ៍ដ៏ដែលបញ្ជាក់ថា កត្តាជម្រុញអោយមានការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺ ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកំសាន្តនៅខេត្តរតនគិរី នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាមនេះ ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អរក្រុងបានស្អាតផងដែរ។ សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើង ។ រីឯតម្លៃសេវាផ្សេងៗ ដូចជាសណ្ឋាគារ ម្ហូបអាហារក៏ពុំមានការឡើងថ្លែហួសហេតុដែរ។ ពីព្រោះក្រុមមន្រ្តី ជំនាញបានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករទាំងអស់ មិនឱ្យដំឡើងថ្លៃ ។

ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះប្រជាពលរដ្ឋក្នុងខេត្តក៏មានការជួបជុំបងប្អូនមិត្តភក្តិជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និង ច្រៀងខារ៉ាអូខេកំសាន្តជាលក្ខណៈគ្រួសារ ផងដែរ ៕ ដោយ គតិ យុត្ត

ads banner