សិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា និងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

បន្ទាយមានជ័យ ៖ ពេលវេលាគឺជាជីវិត ដូច្នេះសិក្ខាកាមក្នុងតួនាទីរបស់ខ្លួនត្រូវខិតខំបំពេញឱ្យបានល្អប្រសើរដើម្បីកិត្តយសខ្លួនឯង និងសង្គមជាតិ នេះជាប្រសាសន៍លើកឡើងរបស់ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកានិងជ្រើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នៅភោជ្ជនីយ៍ដ្ឋានមាតុភូមិក្រុងប៉ោយប៉ែត នាថ្ងៃទី២៤ មករា ២០២៣ ។

លោក ឈឿង សិរីវុឌ្ឍ ប្រធានមន្ទីទេសចរណ៍មានប្រសាសន៍ថា៖ ដោយលំហូរទេសចរណ៍ក្នុងនិងក្រៅស្រុកមានកំណើនកើនឡើងជាលំដាប់ តម្រូវការអ្នកមានជំនាញបដិសណ្ឋារកិច្ច គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ កាន់តែច្រើនហេតុនេះមន្ទីរសហការជាមួយអង្គការដៃគូបណ្តុះបណ្ដាលជំនាញទាំងនេះជាបន្តបន្ទាប់ ដើម្បីឱ្យបុគ្គលិក ចេះជំនាញពិតប្រាកដ ងាយស្រួលធ្វើការក្នុងអាជីកម្មនីមួយៗ។

កម្មវិធីនេះត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍជំនាញ ដែលជាគម្រោងរបស់ទីភ្នាកងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តការក្នុងខេត្តគោលដៅចំនួន១០ ។

លោក អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៀតថា៖ កម្មករពលករ ភាគច្រើនបានទៅរកការងារនៅប្រទេសជិតខាង តែមិនសូវទទួលបានលទ្ធផលវិជ្ជមាន ព្រោះខ្លះត្រូវមេខ្យល់បោកប្រាស់កម្លាំងពលកម្ម ពួកគាត់គួរតែងាកមកធ្វើការក្នុងស្រុកដើម្បីសុវត្តិភាពខ្លួនឯងផង និងសេដ្ឋកិច្ចគ្រួសារផង ហើយរស់នៅប្រកបដោយសុខដម្យរម្យនា ៕ដោយ៖ ឃិន គន្ធា

ads banner