រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា

ខេត្តកំពង់ចាម ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:ប្រតិភូអមដំណើរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា ស្ថិតនៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យប្រភេទដំណាំគម្របដីឬដំណាំអភិរក្ស និងចូលរួមស្ដាប់បទបង្ហាញអំពីសារសំខាន់នៃដំណាំគម្របដី និងពិនិត្យលើគុណភាពដីសម្រាប់ដំណាំ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការចាប់អារម្មណ៍លើសមត្ថភាពកាបូនក្នុងដីដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាមិញ ឯកឧត្តមបានស្នើឱ្យពិនិត្យមើលបន្ថែមទៀតលើវិធីសាស្ត្រទាំងនៅទីវាល និងក្នុងបទបង្ហាញ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវមតិផ្តាំផ្ញើដល់មជ្ឈមណ្ឌលឱ្យធ្វើតាមបែបវិទ្យាសាស្ត្រពិតប្រាកដ និងមានមូលដ្ឋាន ឯកសារយោងច្បាស់លាស់ ហើយត្រូវហ៊ានប្រឈមមុខ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ លើសពីនេះទៀត មជ្ឈមណ្ឌលត្រូវធ្វើការដកពិសោធន៍ផ្ទាល់រាល់វិធីសាស្ត្រឱ្យមានភាពជឿជាក់ ដោយប្រើប្រាស់ប្រភេទដីផ្សេងៗ ឬដីហិរឱ្យមានប្រសិទ្ធភាព និងអាចគៀងគរគម្រោងដើម្បីជួយគាំទ្រការដាំដុះ។

សូមជម្រាបជូនថា ដំណាំគម្របដី ជាការអនុវត្តកសិកម្មសម្រាប់ថែរក្សាដីឱ្យមានសំណើម ទប់ស្កាត់ការហូរច្រោះ សារធាតុចិញ្ចឹម របស់ដី និងកែប្រែដី ឱ្យមានគុណភាពឡើងវិញ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner