ប្រធានាធិបតីអ៊ុយក្រែន និងហ្វាំងឡង់ពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីភ្ញៀវមកពីហ្វាំងឡង់ លោក សូលី នីអ៊ីនីស្តូ បានពិភាក្សាអំពីបញ្ហាសន្តិសុខ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគាត់នៅទីក្រុងកៀវ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា លោក ហ្សេលេនស្គី និងលោក នីអ៊ីនីស្តូ បានជជែកអំពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសបញ្ហាដែលប៉ះពាល់ផ្ទាល់ដល់សន្តិសុខអ៊ុយក្រែន និងហ្វាំងឡង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
នាឱកាសនោះដែរ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ហ្វាំងឡង់ សម្រាប់ការផ្តល់កញ្ចប់ជំនួយផ្នែកការពារជាតិចំនួន ១២ ដល់អ៊ុយក្រែន និងជួយក្នុងការស្តារវិស័យថាមពលរបស់អ៊ុយក្រែនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។
បើតាមលោក នីអ៊ីនីស្តូ ប្រទេសហ្វាំងឡង់បានផ្តល់ជំនួយមានទឹកប្រាក់ជិត ៦០០លានអឺរ៉ូ ឬប្រហែល ៦៥៣លានដុល្លារសម្រាប់អ៊ុយក្រែន និងបានផ្តល់ជម្រកដល់ពលរដ្ឋអ៊ុយក្រែនប្រហែល ៥០,០០០នាក់ផងដែរ។
ក្នុងអំឡុងកិច្ចពិភាក្សាខាងលើនេះដែរ ភាគីនានាក៏បានជជែកអំពីបញ្ហានៃការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន ហើយបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើរូបមន្តសន្តិភាពអ៊ុយក្រែន ដែលស្នើឡើងដោយលោក ហ្សេលេនស្គី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

