សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហោះសារស្វាគមន៍ការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យើងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ។
សម្ដេច បានបន្តថា៖ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។
ជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ជាក់ថា៖ សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥ គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ។
ជាមួយនឹងការបង្កើនថវិកាសម្រាប់កីឡាស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដល់ជាង ១០០លានដុល្លារ សម្តេចតេជោបានលើកឡើងថា កម្ពុជានឹងខិតខំរៀបចំការប្រកួតកីឡាដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម ៕ ដោយ វណ្ណលុក
