ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី
ភ្នពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ដែលរៀបចំ នៅក្រសួងមហាផ្ទៃ ។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្តដែលមានក្រុង ស្រុកទើបបំបែក និងបង្កើតថ្មី ស្តីអំពីតួនាទី ភារកិច្ចដែលត្រូវរៀបចំ ដែលឯកឧត្តម បានបញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសិក្សា និងកំណត់ទីតាំងជាក់ស្តែងនៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
អង្គប្រជុំបានពិភាក្សាពីទិសដៅ និងគម្រោងផែនការបន្ត ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាគ្នាលម្អិតសំខាន់ៗលើការងាររៀបចំមន្ត្រី បុគ្គលិក រចនាសម័ន្ធគ្រប់គ្រង និងទីតាំង ក៏ដូចជាថវិការគាំទ្រ និងបញ្ហាផ្សេងៗទៀត ដើម្បីឱ្យការ ដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី មានភាពរលូន និងមានវឌ្ឍនភាពបានលឿនបំផុត។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុកដែលបំបែក និងបង្កើតថ្មី មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយនៅក្នុងខេត្តកណ្តាលមានក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ចំពោះខេត្តកំពង់ស្ពឺ មានក្រុងឧត្តុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ហើយខេត្តក្រចេះ មានស្រុក អូរគៀងសែនជ័យ ៕ ដោយ-រ៉ាវុធ