អង្គការស្បៀងអាហារ និងកសិកម្ម បានរកឃើញថា ការកើនឡើងតម្លៃទំនិញ ធ្វើឱ្យគ្រោះអត់ឃ្លានកាន់តែធ្ងន់ធ្ងរ
អ.ស.ប៖ យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអង្គការ ស្បៀងអាហារនិងកសិកម្មពិភពលោក (FAO) និងទីភ្នាក់ងារអង្គការសហ ប្រជា ជាតិមួយចំនួនទៀតបានឱ្យដឹងថា ការកើនឡើងចំនួនប្រជាជនក្នុង តំបន់អាស៊ីធ្វើឱ្យកើតមានកង្វះអាហារូបត្ថម្ភ ខណៈដែលអសន្តិសុខស្បៀង កើន ឡើងកាន់តែខ្លាំង និងតម្លៃស្បៀងកើនឡើងកាន់តែខ្ពស់ ហើយស្ថានភាព ក្រីក្រកាន់តែធ្ងន់ធ្ងរទៅៗ។
របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងចំណោមមនុស្សជិត ៥០០ លាន នាក់ដែលក្នុងនោះច្រើនជាងប្រាំបី នាក់ក្នុងចំណោម ១០ នាក់ដែលរស់នៅ តំបន់អាស៊ីខាងត្បូង ខ្វះខាតអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងឆ្នាំ២០២១ ហើយ ជាង មួយប៊ីលាននាក់បានប្រឈមមុខនឹងអសន្តិសុខស្បៀងពី កម្រិត មធ្យម ទៅកម្រិតធ្ងន់ធ្ងរ។ សម្រាប់ពិភពលោកទាំងមូល កំណើននៃអត្រា អសន្តិសុខ ស្បៀងបានកើនឡើងដល់ ២៩ភាគរយ ក្នុងឆ្នាំ២០២១ ពីត្រឹមតែ ២១ ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០១៤។
កំណើននៃអត្រាអសន្តិសុខស្បៀងនេះ បណ្ដាលមកពីកត្តាមួយចំនួនរួមមាន ដូចជា ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ បាត់បង់ ការងារធ្វើ និងការរំខានដល់ដំណើរការផ្សេងៗជាច្រើនទៀត។ ម៉្យាងវិញទៀត សង្រ្គាមនៅអ៊ុយក្រែនក៏បានជំរុញឱ្យតម្លៃអាហារ ថាមពល និងជី ឡើងថ្លៃ បណ្ដាលឱ្យមនុស្សរាប់លាននាក់ ខកខានមិនបានទទួលទានអាហារគ្រប់ គ្រាន់ នេះបើយោងតាមប្រភពដដែល។
គួរបញ្ជាក់ផងដែរថា របាយការណ៍នេះគឺជាការប្រមូលទិន្នន័យ ប្រចាំ ឆ្នាំលើកទី៥ ស្តីពីអសន្តិសុខស្បៀងនិងការអត់ឃ្លាន ដោយទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិរួមមាន អង្គការស្បៀងអាហារនិងកសិកម្ម ពិភពលោក (FAO) មូលនិធិសង្គ្រោះកុមារអន្តរជាតិ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ប៉ុន្មានឆ្នាំមកនេះ វឌ្ឍនភាពឆ្ពោះទៅរកការកាត់បន្ថយភាពអត់ឃ្លាននិង កង្វះអាហារូបត្ថម្ភបានជាប់គាំងទៅមុខមិនរួច ផ្ទុយទៅវិញ ដំណើរវិវត្ត នេះបែរជាវិលត្រឡប់ថយក្រោយ ដោយសារចំនួនមនុស្សកាន់តែច្រើន ឡើងៗ បណ្ដាលឱ្យបាត់បង់ធនធានបន្តិចម្ដងៗ នៅទីបំផុតក៏ឈាន ឆ្ពោះទៅរកការបរិភោគមិនបានគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារ អង្គការសហប្រជាជាតិបានសិក្សាវាស់វែងទៅលើអត្រាកង្វះអាហារូបត្ថម្ភនៅលើពិភពលោក មានចំនួន ៩,១ភាគរយ ក្នុងឆ្នាំ២០២១ ធ្លាក់ចុះពី ១៤,៣ ភាគរយ ក្នុងឆ្នាំ២០០០ ប៉ុន្តែកើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២០។
របាយការណ៍ខាងលើក៏បានបង្ហាញផងដែរថា ការធ្លាក់ចុះនៃការប្រយុទ្ធ ប្រឆាំងនឹងភាពអត់ឃ្លានរបស់ប្រទេសនីមួយៗនៅតែបន្តកើតមាន ហើយអសន្តិសុខស្បៀងក៏ជាបញ្ហាប្រឈមផងដែរសម្រាប់ពលរដ្ឋដែលប្តូរទីលំនៅទៅរស់នៅទីក្រុង ជាទីដែលពួកគេពិបាកក្នុងការទទួលបានអាហារក្នុង តំលៃមួយសមរម្យ។ របាយការណ៍បានរំលេចថា ៖«ការកែទម្រង់ប្រព័ន្ធ កសិកម្ម ដើម្បីផលិតអាហារដែលមានជីវជាតិ និងធានាបាននូវសមភាព ក្នុងការទទួលបានរបបអាហារគ្រប់គ្រាន់ និងដែលមានសុខភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់»។
ដោយឡែក សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀង អាហារ និងកសិកម្មពិភពលោក ក៏បានកើនឡើងខ្ពស់ផងដែរក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺតម្លៃកើនឡើងខ្ពស់បំផុតនៅក្នុងខែមីនា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ តម្លៃស្បៀងអាហារបានធ្លាក់ចុះមកវិញ បន្ទាប់ពីតម្លៃទំនិញមូលដ្ឋានមួយចំនួនបានធ្លាក់ចុះបន្តិចក្នុងឆ្នាំនេះ ប៉ុន្តែនៅតែខ្ពស់ជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ បើយើងក្រឡេកទៅមើលតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ តំបន់នេះមានការនាំចូល ស្បៀងអាហារជិត ពីរ ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ ហើយការកើនឡើងតម្លៃ ស្បៀងមូលដ្ឋានដូចជា អង្ករ ស្រូវសាលី និងប្រេងជាដើម បានធ្វើឱ្យពលរដ្ឋ ក្រីក្រជួបការលំបាកជាខ្លាំង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបានហៅកង្វះស្បៀងអាហារនេះថាជាវិបត្តិ 5F ដែលមានន័យថា កង្វះអាហារ (Food) ការបរិភោគមិនគ្រប់គ្រាន់ (Feed) កង្វះជី (Fertilizer) កង្វះប្រេង (Fuel) និងកង្វះហិរញ្ញវត្ថុ (Financing)។ សង្គ្រាមនៅអ៊ុយក្រែនជាកត្តារួមចំណែកចម្បងមួយដល់ វិបត្តិស្បៀងអាហារនេះ។ ជាក់ស្ដែង វាបានផ្ដល់ការលំបាកជាច្រើនដល់ បណ្ដាប្រទេសដែលពឹងផ្អែកលើការនាំចេញពីអ៊ុយក្រែន រួមមានដូចជា ស្រូវសាលី ប្រេងសម្រាប់បរិភោគ និងជីជាដើម។
មនុស្សជិតពីរពាន់លាននាក់ ឬស្ទើរតែ ៤៥ភាគរយ នៃប្រជាជនដែល រស់នៅលើទ្វីបអាស៊ី គ្មានលទ្ធភាពទិញរបបអាហារដែល មានសុខភាព ល្អបរិភោគ។ ការណ៍នេះបានរួមចំណែកដល់បញ្ហាជាច្រើន ដូចជា ភាព ស្លេកស្លាំង និងធាត់ជ្រុល ក៏ដូចជាភាពអត់ឃ្លានផងដែរ។
ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ក៏បានប៉ះពាល់ខ្លាំងផងដែរដល់ និយោជិតដែលងាយរងគ្រោះជាច្រើន ជាពិសេសក្នុងវិស័យទេសចរណ៍ និងឧស្សាហកម្មផលិតកម្ម។ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ប្រជាជន ថៃជិត១០នាក់ក្នុងចំណោម១០០នាក់ រស់នៅដោយគ្មានអាហារូបត្ថម្ភ គ្រប់គ្រាន់ នេះបើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍ខាងលើ។ តួលេខនេះ ខ្ពស់ជាងឆ្នាំមុនៗ និងខ្ពស់ជាងប្រទេសនៅក្នុង តំបន់អាស៊ី អាគ្នេយ៍ជាច្រើនទៀត ដោយការរកប្រាក់ចំណូលរបស់ពលរដ្ឋ នៅក្នុង បណ្ដាប្រទេសទាំងនោះ ជាមធ្យម ទាបជាងប្រទេសថៃខ្លាំងណាស់។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោក អត្រាភាពក្រីក្របានកើនឡើង ២,៦ភាគរយ នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។
អ្នកសរសេររបាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក បានលើកឡើង៖ «ការកើនឡើងនៃអត្រាភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភ ដើរទន្ទឹមគ្នា»។ របបអាហារដែលគ្មានសុខភាពល្អ និងស្បៀងអាហារមិនគ្រប់ គ្រាន់សម្រាប់បរិភោគ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងផលិតភាព នា ពេលអនាគត ព្រោះវាបានធ្វើឱ្យកុមារមានជំងឺក្រិន និងធ្វើឱ្យពួកគេងាយ នឹងកើតជំងឺផ្សេងៗ។ ជិតមួយភាគបួននៃកុមារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រងផលប៉ះពាល់ដោយការក្រិន និងការមិនអាចលូតកម្ពស់រួច។ ដោយឡែក ដោយសារតែកង្វះអាហារូបត្ថម្ភ មួយភាគបីនៃស្ត្រីនៅតំបន់អាស៊ីដែល មានអាយុចាប់ពី ១៥ ដល់ ៤៩ ឆ្នាំវិញ ត្រូវប្រឈមនឹងភាពស្លេកស្លាំង ហេវហត់អស់កម្លាំង ហើយអ្នកខ្លះត្រូវប្រឈមជាមួយគ្រោះថ្នាក់ធ្ងន់ ធ្ងរ រហូតដល់ថ្នាក់ខូចសួត និងប៉ះពាល់ដល់បេះដូងទៀតផង។
រីឯនៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ ៧០ភាគរយនៃប្រជាជនសរុបកំពុង ប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ឬ កម្រិតធ្ងន់ធ្ងរ ដោយសារតែ សេដ្ឋកិច្ចបានដួលរលំ បន្ទាប់ពីពួកតាលីបង់បានដណ្តើមអំណាចក្នុង ខែ សីហា ឆ្នាំ២០២១។ កត្តានេះបានជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ និងភាពអត់ ឃ្លាន ខណៈជំនួយបរទេសត្រូវបានកាត់ផ្ដាច់ភ្លាមៗ។ សម្រាប់ប្រទេស កម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺ ៥០ភាគរយ នៃចំនួនប្រជាជន សរុប កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ឬ កម្រិតធ្ងន់ធ្ងរ៕
ដោយ៖ ធា សុណា
ប្រភព៖ https://apnews.com/article/health-healthy-eating-united-nations-asia-climate-and-environment-18738a435ef9b492605400b7be7c9681