ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុប ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ ៖ ក្នុងពិធីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារសុខា នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទទទួលបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២២ កន្លងទៅ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចជនបទ រួមជាមួយនឹងកម្មវិធីសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា។

ជាទិសដៅបន្តសម្រាប់ឆ្នាំ២០២៣, ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រួចទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ គឺ. បន្តបង្កើតការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ. បន្តកែលំអលក្ខខ័ណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយជំរុញការផ្តល់សេវាទឹកស្អាត និងអនាម័យដើម្បីឈានទៅសម្រេចបានគោលដៅគ្របដណ្តប់ ៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥ . ពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ សំដៅធ្វើឲ្យសហគមន៍មានបំណិនជីវិត អាចបង្កើតជំនាញ និងកំណើនសេដ្ឋកិច្ចគ្រួសារ និង ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវានានាជូនប្រជាពលរដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្ត ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាទូទាំងប្រទេស ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត អនុវត្តប្រកបដោយជោគជ័យ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនជាតិ ផងដែរ ៕ សេឌី