អាល្លឺម៉ង់រំពឺងថានឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែន
បែរឡាំង៖ សារព័ត៌មានអនឡាញ ឌែ ស្ពីហ្គែល (Der Spiegel) របស់អាល្លឺម៉ង់ បានរាយការណ៍ផ្ដាច់មុខដោយស្រង់សម្ដីប្រភព មិន បញ្ចេញឈ្មោះថា ក្រុងបែរឡាំងគ្រោងនឹងបញ្ជូនរថក្រោះទំនើប Leopard 2 ទៅអ៊ុយក្រែន ដើម្បីជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹង កង ទ័ពរុស្ស៊ី។
ប្រភពថា អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សុលហ្ស៍ បានសម្រេចចិត្ត បញ្ចូលនូវរថក្រោះនេះបន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនខែ ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះក្រុងប៊ែរឡាំងរងការ រិះគន់ យ៉ាងធ្ងន់ធ្ងរចំពោះការស្ទាក់ស្ទើររបស់ខ្លួនពីសម្ព័ន្ធមិត្តក្នុងប្លុកណាតូ ដែលដាក់សម្ពាធលើអាល្លឺម៉ង់ឱ្យបញ្ជូន Leopard 2 ទៅ អ៊ុយក្រែន។
សេចក្ដីរាយការណ៍ពីការសម្រេចចិត្តនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមន្រ្តីសហរដ្ឋអាមេរិកបានបង្ហាញកាលពីថ្ងៃអង្គារថា រដ្ឋបាលបៃដិន កំពុងរៀបចំបញ្ចប់ផែនការបញ្ជូនរថក្រោះ M1 Abrams ដែល ផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។
កាលពីសប្ដាហ៍មុន អាល្លឺម៉ង់បានលើកឡើងថា ខ្លួនមិនបញ្ជូន រថក្រោះ Leopard របស់ខ្លួនទៅអ៊ុយក្រែនឡើយ លុះត្រាតែ សហរដ្ឋអាមេរិកយល់ព្រមធ្វើដូច្នេះដែរ។
គួរកត់សម្គាល់ថា ការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់ អ៊ុយក្រែននឹងផ្តល់ឱ្យកងកម្លាំងរបស់ប្រទេសនេះនូវរថក្រោះយោធាដ៏ទំនើប និងដ៏មានឥទ្ធិពល ដើម្បីប្រឆាំងការរុលទៅមុខរបស់ កងទ័ពរុស្ស៊ី។
ការផ្លាស់ប្ដូរនេះក៏នឹងក្លាយជាការប្រឆាំងនឹងវិមានក្រឹមឡាំង ដែល គេ មើលឃើញថា បានបង្កើនយុទ្ធនាការយោធាដើម្បីបំបាក់ អ៊ុយក្រែន ដោយប្រើប្រព័ន្ធប្រយុទ្ធបច្ចេកវិទ្យាខ្ពស់ ខណៈសង្រ្គាមប ន្តអូសបន្លាយជិតរយៈពេលមួយឆ្នាំ។
កន្លងមក អាល្លឺម៉ង់បានទទូចទប់ទល់នឹងការជម្រុញរបស់ សម្ព័ន្ធមិត្ត ដោយលើកឡើងថា ការបញ្ជូនរថក្រោះរបស់ខ្លួនទៅ អ៊ុយក្រែន នឹងបង្កទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់ខ្លួន។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាលេណា ប៊ែរបក់ខ៍ បានថ្លែងថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងមិនជំទាស់ទេ ប្រសិនបើប៉ូឡូញស្នើសុំបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន។ ហើយកាលពីថ្ងៃអង្គារ ប៉ូឡូញ ក៏ដាក់សំណើនេះជាផ្លូវការ។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានទទូចសុំរថក្រោះម្ដងហើយម្ដងទៀត ហើយស្នើឱ្យបណ្តា ប្រទេសនានាបញ្ឈប់ការឈ្លោះប្រកែកគ្នាលើបញ្ហានេះ។
ជាមួយគ្នានោះ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតអះអាងថា ការពន្យាពេលបញ្ជូនរថក្រោះទំនើបឱ្យអ៊ុយក្រែនកំពុងសម្លាប់ប្រជាជនអ៊ុយក្រែន ខណៈរុស្ស៊ីបង្កើនភាពតានតឹងនៅសមរភូមិ។
រុស្ស៊ីឯណោះវិញដូចរាល់ដង បានព្រមានពីការផ្គត់ផ្គង់អាវុធឱ្យ អ៊ុយក្រែន ហើយថែមទាំងគំរាមកំហែងដល់អាល្លឺម៉ង់។
នៅពេលសួរក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃអំពីប្រតិកម្មរបស់រុស្ស៊ី ប្រសិនបើទីក្រុងបែរឡាំងយល់ព្រមបញ្ជូន រថក្រោះឱ្យ អ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាន ថ្លែង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងកម្រិតទាបរួច ទៅហើយ។ លោកបន្ថែមថា បច្ចុប្បន្ននេះមិនមានការសន្ទនាធំៗ ជាមួយអាល្លឺម៉ង់ ឬជាមួយសហភាពអឺរ៉ុប ក៏ដូចជាប្រទេសណាតូ ផ្សេងទៀតទេ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Germany set to send Leopard 2 tanks to Ukraine