G7 និងដៃគូសន្យាគាំទ្របន្ថែមទៀត ចំពោះការស្តារថាមពលអ៊ុយក្រែន
វ៉ាស៊ីនតោន៖ កងកម្លាំងរុស្ស៊ីបាននិងកំពុងវាយកម្ទេចស្ថានីយថាមពលអ៊ុយក្រែនពេញមួយរដូវរងា ខណៈដែលក្រុមប្រទេស G7 បានសន្យាគាំទ្របន្ថែមទៀត សម្រាប់ការស្តារវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានរៀបចំកិច្ចប្រជុំតាមអនឡាញមួយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។
នៅក្នុងកិច្ចប្រជុំនោះ លោក ហាយ៉ាស៊ី បាននិយាយថា ប្រទេសជប៉ុនបានយល់ព្រមផ្តល់ម៉ាស៊ីនភ្លើងចំនួន ៣០០គ្រឿងដល់អ៊ុយក្រែន ហើយប្រហែលជានឹងបញ្ជូនបន្ថែមទៀត។
ប្រមុខការទូតជប៉ុនក៏បាននិយាយផងដែរថា ប្រទេសរបស់គាត់នឹងផ្តល់ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ជាង ៨៣,០០០បន្ទះ ដើម្បីជួយប្រជាជនអ៊ុយក្រែននៅពេលដាច់ភ្លើង។ ទន្ទឹមគ្នា លោក ហាយ៉ាស៊ី និងប្រមុខការទូតកំពូលផ្សេងទៀតក៏បានប្តេជ្ញាដែរថា នឹងជួយអ៊ុយក្រែនធ្វើទំនើបកម្មបណ្តាញថាមពលរបស់ខ្លួន៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា