ក្រសួងកសិកម្ម ជំរុញឱ្យអ្នកជំនាញបង្កើតពូជកៅស៊ូថ្មីដើម្បីទទួលបានទិន្នផលខ្ពស់

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវ ជ្រាវ កៅស៊ូកម្ពុជានៅឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពីទី២៤ ខែមករា ឆ្នាំ២០២៣។តាមរយៈទស្សនកិច្ចនេះឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យវិទ្យាស្ថាន សិក្សាបង្កើតពូជថ្មី ដែលអាចកាត់បន្ថយថ្លៃដើម មានទិន្នផលខ្ពស់ ធន់នឹង ជំងឺ ការរក្សានូវគុណភាពដី ជូនដល់កសិករ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្មដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសប្រសិទ្ធភាពនៃ ដំណាំ គម្របដី និងជីនៅចន្លោះដើមកៅស៊ូ ដោយឯកឧត្តមបានបញ្ជាក់ថា ក្រៅពី ការសិក្សានេះហើយ វិទ្យាស្ថានត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកំលាំងពលកម្មផងដែរ។

ឯកឧត្តមបញ្ជាក់ទៀតថា៖« វិទ្យាស្ថានត្រូវធ្វើការអភិរក្សចំការកៅស៊ូជប់ ដែល នៅសល់ប្រមាណ៤៧៧ដើមតាំងពីឆ្នាំ១៩២៤ ដោយឱ្យជំនាញ ធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់លើដើមកៅស៊ូនីមួយៗ។ ជាមួយគ្នា នេះដែរ ត្រូវធ្វើពូជថ្មីសម្រាប់កសិករ ដាំដុះ ហើយត្រូវយកចិត្តដាក់លើការ ពិសោធន៍ ជ័ររាវ ព្រោះមានសារសំខាន់ ដែលធ្វើឱ្យយើងដឹងពីប្រសិទ្ធភាពនៃ ដើមកៅស៊ូ»។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែល មាន លក្ខណៈបែបវិទ្យាសាស្ត្រ ព្រោះថាគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បី ស្វែងយល់ពីស្ថានភាពមូលដ្ឋាននិងការកាត់បន្ថយថ្លៃដើម តាមរយៈការ បង្កើត ពូជថ្មីមានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់ បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម ដោយវិធីសាស្ត្រ No till planter ។

លោក លីម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាបានឱ្យដឹងថា ការបង្កើតក្លូន(ពូជ)កៅស៊ូកម្ពុជាមានគោលបំណងគឺដើម្បីបង្កើតក្លូនកៅស៊ូកម្ពុជាដែលមានសក្តានុពលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុមានទិន្នផលខ្ពស់និងលូតលាស់ល្អសមស្របនឹងលក្ខខណ្ឌបរិស្ថាននៃប្រទេសកម្ពុជា។
លោកបានបន្ថែមថា ការបង្កើតក្លូនកៅស៊ូកម្ពុជាបានចាប់ផ្តើមដំបូង នៅឆ្នាំ ២០១១ ដោយការជ្រើសរើសគ្រាប់នៅប្លុកកៅស៊ូស៊ីដលីងដាំឆ្នាំ ១៩២៤ នៅក្នុងបរិវេណចម្ការកៅស៊ូជប់។

គ្រាប់កៅស៊ូចំនួនជាង២០០០គ្រាប់ត្រូវបានជ្រើសរើសហើយធ្វើការបណ្តុះនិង ដាំនៅក្នុងស្ថានីយពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ កូន កៅស៊ូស៊ីដលីងចំនួន១២៣០ត្រូវបានធ្វើការតាមដាន វាយតម្លៃអំពីការ លូតលាស់ ជំងឺ ទិន្នផល និងលក្ខណៈសរីរទឹកជ័រ។ ជាលទ្ធផល សេណូទីប (ក្លូន) ចំនួន២០ដែលបានជ្រើសចេញពីកូនស៊ីដលីងទាំងនោះ ត្រូវបានដាំ នៅ ចម្ការពិសោធន៍ក្លូនទ្រង់ទ្រាយ តូច ដោយធ្វើការប្រៀបជាមួយបណ្តា ក្លូនកសិណរួមមាន GT1, PB 260, RRIM 600 និង PB 217។

លោកបានបញ្ជាក់ថា៖«បន្ទាប់ពីការចៀរជ័រសាកល្បងរយៈពេលពីរឆ្នាំកន្លងមកនេះ មាន ក្លូនកៅស៊ូចំនួន២បានបង្ហាញអំពីការលូតលាស់ ទិន្នផល និង លក្ខណៈសរីរទឹកជ័រ(Suc, R-SH, Thiol…) ល្អជាងបណ្តាក្លូន កសិណលើស ពី៥០ភាគរយ។រហូតដល់ឆ្នាំ២០២៣ ការពិសោធន៍នេះបានឆ្លងកាត់ការវាយ តម្លៃចំនួន បីដំណាក់កាលរួចមកហើយ។ក្លូនកៅស៊ូចំនួនពីរនឹងត្រូវបានដាក់បញ្ជូលនៅក្នុងថ្នាក់ទី៣នៃតារាងអនុសាសន៍ក្លូនកៅស៊ូនៅកម្ពុជា និងផ្សព្វផ្សាយឱ្យប្រើប្រាស់ដាំដុះលក្ខណៈទ្រង់ ទ្រាយ តូចនៅឆ្នាំ២០២៥ខាងមុខនេះ»។

បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា បរិមាណ បញ្ចេញលក់ជ័រកៅស៊ូក្នុងឆ្នាំ២០២២ មានចំនួន៣៧២ ៩០០តោន បានកើនឡើង ចំនួន៦ ៦០០តោន ស្មើនឹង២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១។

ដោយឡែកបរិមាណបញ្ចេញលក់ឈើកៅស៊ូរហូតដល់ខែធ្នូ ឆ្នាំ២០២២ សម្រេចបានចំនួន២៦ ៤៨៩ម៣។ ចំណែក ចំណូលពីការនាំចេញ ជ័រ កៅស៊ូនៅឆ្នាំ២០២២ មានចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ ។ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩ ២៤៦ហិកតា ស្មើនឹង២២ភាគរយ៕
ដោយ៖វណ្ណ សុជាតា

ads banner