យុវជនគួរចូលរួមយ៉ាងដូចម្ដេចក្នុងការលើកមុខមាត់ប្រទេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម?

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ដែលមានកម្ពុជាជាម្ចាស់ផ្ទះនឹងត្រូវប្រារព្ធឡើងនៅក្នុងរយៈពេល ១០០ថ្ងៃទៀត។ដើម្បីជាការពញ្ញាក់ស្មារតីគណៈកម្មាធិការជាតិរៀប ចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC) និងស្ថាប័ន ពាក់ព័ន្ធ បានបង្កើតចលនារាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ស៊ីហ្គេម។

ព្រឹត្តិការណ៍នៃការរាប់ថយក្រោយនេះដែរត្រូវបានបើកជាផ្លូវការនៅល្ងាចថ្ងៃទី ២៥មករានេះ នៅពហុកីឡដ្ឋានជាតិមរតតេជោព្រមទាំងមានការសម្ដែង សិល្បៈ បុរាណ សម័យ ចម្រៀង ការសម្ដែងគុនល្បុក្កតោក៏ដូចជាកម្មវិធី កម្សាន្ដ ជាច្រើនទៀតផងដែរ។ទាំងនេះជាអ្វីដែលថ្នាក់ដឹកនាំ និងអ្នកទទួល ខុសត្រូវលើការងាររៀបចំបាន និងកំពុងធ្វើយ៉ាងសកម្ម។

យុវតី វ៉ាន់ គីមសល់ ដែលកំពុងតែបម្រើការឱ្យក្រុមហ៊ុនឯកជនមួយកន្លែង បាន ឱ្យដឹងថា ខ្លួនក៏បានចូលរួមក្នុងយុទ្ធនាការរាប់ថយ១០០ថ្ងៃសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេមដែរ ដើម្បីបង្ហាញ ពីភាពសកម្មក្នុងកិច្ចការងារសង្គម។

កញ្ញាបានរៀបរាប់ថា៖«ជាយុវជននិងជាធនធានមនុស្សដ៏ចាំបាច់។យើង គួរតែតាមដានរាល់ព្រឹត្តិការណ៍ផ្សេងៗដើម្បីស្វែងយល់ពីកីឡាស៊ីហ្គេមនេះឱ្យបានច្បាស់ ក្នុងនាមជាម្ចាស់ផ្ទះ។យើងត្រូវចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ នេះឱ្យបានកាន់តែទូលំទូលាយ ហើយយើងត្រូវតែពង្រឹងចំណេះដឹងយើង ដូចគ្នា ទាំងចំណេះដឹងទូទៅអំពីព្រឹត្តិការណ៍នេះ និងចំណេះដឹងទៅលើ ភាសាដើម្បីបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងនៅថ្ងៃខាងមុខ»។

កញ្ញាបានបញ្ជាក់ទៀតថា ៖«រឿងសីលធម៌ក៏ជារឿងសំខាន់ផងដែរ ក្នុង នាម ជាយុវជន ព្រោះយើងគឺជា អ្នកបង្ហាញទៅកាន់ប្រទេសក្នុងអាស៊ាន ដើម្បី ឱ្យគេបានដឹងថាកម្ពុជាយើងមានលក្ខណៈបែបណា ហើយយើងក៏ជាម្នាក់ ដែលតំណាងឱ្យកម្ពុជាដូចគ្នា។ដូច្នេះយើងគួរធ្វើយ៉ាងណាចូលរួមថែរក្សា សន្តិសុខនៅក្នុងប្រទេសយើងទាំងអស់គ្នា»។

ម្យ៉ាងទៀតកញ្ញាយល់ឃើញថាយុវជនគួរចាប់ផ្ដើមលេងកីឡាព្រោះវាមិនត្រឹមតែជួយសុខភាព តែកីឡាក៏បានលើកកម្ពស់ទំនាក់ទំនង និងបង្កើតស្មារតី រួបរួមគ្នា ទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃមួយ ផងដែរ។

ចំណែកឯយុវតី សៀន សុលឿក និស្សិតកំពុងសិក្សាឆ្នាំទី៤ បានរៀបរាប់ថា ខ្លួនមិនសូវជាចូល ចិត្តការលេងកីឡានោះទេ ទើបបានជាមិនសូវដឹងអំពី ព្រឹត្តិការណ៍ស៊ីហ្គេមច្រើន ប៉ុន្តែយ៉ាងហោចកញ្ញា បានដឹងថា នៅថ្ងៃទី២៥នេះ គឺនឹងចាប់ផ្ដើមរាប់ថយក្រោយ ១០០ថ្ងៃ។

កញ្ញា សៀន សុលឿក និយាយ៖ «រឿងមួយដែលយើងគ្រប់គ្នាអាចធ្វើ បាន ដោយ មិនចំណាយពេលច្រើន គឺចូលរួមយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ព្រោះយើងដឹងស្រាប់ ហើយថា យុវជនស្ទើរ តែ ទាំងស្រុងហើយ ដែលមានទូរស័ព្ទប្រើប្រាស់»។

កញ្ញាបន្តថា៖ «ព្រឹត្តិការណ៍កីឡានេះធំណាស់ ហើយក៏បានធ្វើឡើង យូរ មក ហើយដែរ ដូច្នេះមានរឿង ច្រើនដែលយើងត្រូវដឹង…បន្ទាប់ពីដឹងហើយ ត្រូវចែករំលែកបន្តទៀតទៅកាន់មិត្តភក្កិ ឬក្រុមគ្រួសារ ដូច្នេះទើបជាការល្អ»។

យុវតីវ័យ ២១ឆ្នាំរូបនេះក៏បានលើកឡើងដែរថា បច្ចុប្បន្នខ្លួនបានសង្កេត ឃើញប្រជាជនចូលចិត្តធ្វើអ្វី ឈូឆរតាមគ្នា ពេលខ្លះក៏ប្រើប្រាស់ពាក្យសម្ដី ឬកាយវិការមិនសមរម្យក៏មាន។ កញ្ញាយល់ថា យុវជនគួរកែប្រែនូវចំណុច នេះចេញ នឹងចាប់ផ្ដើមសិក្សាស្រាវជ្រាវមុននឹងបញ្ចេញមតិទៅលើរឿងអ្វី មួយ ជៀសវាងមានរឿងបែបនេះកើតឡើង នៅពេលកម្ពុជាប្រារព្ធ ព្រឹត្តិការណ៍ ស៊ីហ្គេម។

អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC ឯកឧត្តម វ៉ាត់ ចំរើន ក៏ បាន បញ្ជាក់ដែរអំពីការតៀមខ្លួនរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ខាងមុខ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នា បាននិងកំពុងប្តេជ្ញា ចិត្ត ខ្ពស់ ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុង ជ្រោយ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ នឹងត្រូវធ្វើ ឡើងក្រោមបាវចនា ”កីឡារស់ក្នុងសន្ដិភាព-Sports Live in Peace”។នេះគឺជាលើកទី១ ហើយក្នុងរយៈពេល ៦៤ឆ្នាំនៃកីឡាស៊ីហ្គេម ដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត៕
ដោយ៖ កែវ បុស្បា

ads banner