ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាងប្រាំលានដុល្លារ លើកម្មការិនី ជាស្ត្រីសម្រាលកូនជាងប្រាំម៉ឺននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងរយៈពេលពេញមួយឆ្នាំ២០២២កន្លងទៅនេះរាជរដ្ឋាភិបាល កម្ពុជា បានចំណាយថវិកាសរុបជាងប្រាំលានដុល្លារអាមេរិកជូនកម្មការិនី ជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធចំនួនជាងប្រាំ ម៉ឺននាក់ ដែល សម្រាលបានកូនសរុប ៥៦ ១៧៣នាក់។

យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស.)ដែលបានចេញផ្សាយ នៅថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២កន្លងទៅថវិកាសរុបប្រមាណ ២២ ៤៦៩ ២០០ ០០០ រៀល ឬស្មើនឹងជាង ៥,៤៨០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រី សម្រាល កូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

របាយការណ៍បានបន្តថា កម្មការិនីជាស្ត្រីសម្រាលកូន និងបានទទួល ថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា មានសរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ៣៩៣នាក់ និងកូនភ្លោះបីមានចំនួន០៥នាក់)ដែលអត្រានេះ មានការថយចុះជាង ១៤ភាគរយបើធៀបទៅនឹង ឆ្នាំ២០២១។

បើតាមនាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានឱ្យដឹង ដែរថា ក្នុងរយៈពេលបួនឆ្នាំ គឺគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះ ថវិកាសរុបប្រមាណជាង ១៣៨ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បើកផ្ដល់ជូនកម្មការិនី ជាស្រ្តីសម្រាលកូននេះ។

ប្រភពដដែលបានបន្តថា បេឡាជាតិសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តី សម្រាល បានកូនភ្លោះពីរមានចំនួន ២ ៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់ ) ។
នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម បានបញ្ជាក់ថា ៖ «សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ កម្មការិនី ជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នេះ សបញ្ជាក់ យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ក្នុងការរួម ចំណែកដោះស្រាយនូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូនក្នុងអំឡុង ពេល សម្រាលមាតុភាព»។

អ្នកស្រី ស្រ៊ុន ចិន្តា អាយុ៣៤ឆ្នាំ ពលរដ្ឋនៅខេត្តតាកែវ បានប្រាប់ឱ្យដឹងថា អ្នកស្រីធ្លាប់ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ម្តង កាលពីឆ្នាំ២០២០ ក្នុងពេលដែលអ្នកស្រីបានសម្រាលកូនស្រីដំបូង។

អ្នកស្រីថា ៖ «ចំនួនថវិកា ៤០ម៉ឺន សម្រាប់អ្នកមានជីវភាពធូរធារ មើល ទៅ មិនច្រើនទេ គេចាយតែមួយថ្ងៃឬមួយពេលអស់ច្រើនជាងនេះផង ប៉ុន្តែ សម្រាប់ ខ្ញុំវាច្រើន ខ្ញុំអាចចាយបានច្រើនថ្ងៃ ដោយការសន្សំសំចៃ។ កាលហ្នឹងគឺខ្ញុំពិតជាសប្បាយចិត្តមែនទែនពេលបានលុយនេះមក»។
អកស្រី ស្រ៊ុន ចិន្តា បានបន្តថា អ្នកស្រីមានគម្រោងយកកូនមួយទៀត នៅឆ្នាំនេះ ហើយអ្នកស្រីសង្ឃឹមថានឹងទទួលបានថវិកាពីរាជរដ្ឋាភិបាល ដូចមុនទៀត។

សូមរំឮកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូន ចាប់តាំងពីឆ្នាំ២០១៤មក ដែលជា ការរអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ការផ្តល់ប្រាប់ឧបត្ថម្ភនេះដែរ ស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល និង សម្រាល បានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១,២លានរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករផ្ទាល់។
ជាមួយគ្នានេះដែរសម្រាប់អ្នកដែលសម្រាលបានកូនភ្លោះបីនាក់ ក៏ទទួល បាន ប្រាក់ឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួនប្រាំលានរៀលទៀតផងដែរ៕
ដោយ៖នាង សុគន្ធា

ads banner