កម្ពុជា និងអង្គការ UNICEF បន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត

ភ្នំពេញ៖ អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក William Parks តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា នៅក្នុងឱកាសប្រគល់លិខិតសារតាំងជូន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងបានអះអាងចំពោះប្រេសិតថ្មីអំពីការគាំទ្រ យ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរូបលោកនិងក្រុមការងាររបស់លោក ក្នុងការ បំពេញការងារដ៏សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បាន រំលឹកពីប្រវត្តិដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF ជាពិសេស ការផ្តល់ ជំនួយក្រោយពីការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែកបន្ធូរការលំបាកនានា របស់ប្រជាជនកម្ពុជានាពេលនោះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគម្រោងរបស់អង្គការ UNICEF លើវិស័យអប់រំ សុខភាពនិងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រម ទាំងគោលនយោបាយនិងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗ របស់អង្គការ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងអំឡុង ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ ។

លោក William Parks មានការភ្ញាក់ផ្អើលចំពោះការវិវត្តរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជានា ពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលលោកធ្លាប់បានមកដល់កម្ពុជា នៅឆ្នាំ២០០២។ ជាមួយនឹងការកោតសរសើរពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF លោកក៏ បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់លើវិស័យដែលបានគូសបញ្ជាក់ខាងលើ។

ភាគីទាំងពីរ ក៏បានអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner