រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលជំនួបនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជា លើវិស័យសក្តានុពលនានា រួមមាន៖ ពាណិជ្ជកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបរិច្ចាគវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការពេញចិត្តចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ដែលការផ្តល់នេះបានរួមចំណែកក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើសុំភាគីចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ផងដែរ។

ភាគីទាំងពីរ បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា៖ ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីសម្រេចបានប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅចក្រភពអង់គ្លេស រួមមាន៖ សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន៖ គ្រឿងយន្ត ឱសថ និងភេសជ្ជៈ ជាដើម ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner