កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី

រតនគិរី ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី ។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា ថាវរិទ្ធ អភិបាលស្តីទីខេត្តរតនគិរី និងលោកស្រី ខាញ់ សូវី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមានការអញ្ជើញ ពីលោក លោកស្រី សមាជិកសមាជិកាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់សរុប៧៥នាក់ ។

បន្ទាប់ពី លោក ទន់ ពៅ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក ស្រី ខាញ់ សូវី អនុប្រធានសម្ព័នភាពជាតិក្រុមប្រឹក្សាមូលដ្ឋានបានអានរបាយការណ៍លទ្ធផលការងាររបស់សមាគមនក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់រួចមក ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា កិច្ចប្រជុំពេលនេះគឺជាឱកាស ដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បង្ហាញនូវសមិទ្ធផលដែលសម្រេចបានកន្លងមកក្នុងការលើកកម្ពស់សមត្ថភាពនិងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានស្នើឲ្យសមាជិកសមាជិកានៃអង្គប្រជុំទាំងមូលយកចិត្តទុកដាក់ចូលរួមជាមតិយោបល់អោយបានផុសផុល ដើម្បីអោយដំណើរការនៃកិច្ចប្រជុំទទួលបានលទ្ធផលល្អក្នុងការជំរុញដំណើរការ កំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានភាពរលូន មានគណនេយ្យភាព និងតម្លាភាពចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលខេត្តស្តីទី បានសម្តែងនូវការគាំទ្រនិងសហការជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់សមាជិករបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានផ្តាំផ្ញើដល់សមាគមត្រូវបន្ត អនុវត្តតាមបទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈរបស់សមាគមដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។

រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ត្រូវយកចិត្តទុកដាក់បង់ប្រាក់សមាជិកជាប្រចាំនិងស្នើដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារខេត្តសូមសហការនិងជួយសម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ផ្ទេរសាច់ប្រាក់ សមាជិកភាពមកសមាគមឲ្យបានទាន់ពេលវេលាដើម្បីសមាគមមានលទ្ធភាពផ្ទេរបន្តទៅសម្ព័ន្ធភាពជាតិ និងអនុវត្ដសកម្មភាពទៅតាមផែនការដែលបានគ្រោងទុកព្រោះថាសមាគមមិនមានប្រភពចំណូលក្រៅពីប្រាក់សមាជិក ដែលបង់មកពីក្រុងស្រុកឃុំសង្កាត់នោះឡើយ ។

សមាគមត្រូវបន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ដែលសម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋានបានដាក់ឲ្យប្រើប្រាស់ឲ្យមានប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិកក្រុមប្រឹក្សា។សមាគមត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់សមាជិកស្របតាមគោលបំណងនិងទិសដៅផែនការយុទ្ធសាស្ត្ររបស់ខ្លួន។

រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពាក់ព័ន្ធអង្គការសង្គមស៊ីវិលសូមបន្តជួយគាំទ្រនិងសហការជាមួយសមាគម ប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ដើម្បីសមាគមបានអនុវត្តតួនាទីរបស់ខ្លួនស្របតាមគោលដៅដែលបានដាក់ចេញអោយមានប្រសិទ្ធភាព៕ដោយ គតិ យុត្ត

ads banner